(ភ្នំពេញ)៖ ម្ចាស់ផលិតកម្ម C2go និងជាផលិតកររឿង «ខ្មោចស៊ីឈ្នួល» និងជាប្រធានអង្គការ «ខ្ញុំខ្មែរ» លោក អេថិន ជានិច្ច ហៅលោក១០គត់ បានបញ្ចេញប្រតិកម្មធ្ងន់ ទៅនឹងក្នុងអ្នកនយោបាយមួយចំនួន នៅក្នុងប្រទេសអូស្រ្តាលី ដែលបានប្រើរូបអាវរបស់អង្គការខ្ញុំខ្មែរ ទៅភ្ជាប់នឹងសកម្មភាព ដុតរូបទីងមោង ដែលតំណាងឲ្យសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សកម្មភាពមនុស្សធម៌ របស់អង្គការ
នៅលើហ្វេសប៊ុកឈ្មោះ Aten Hotnews ដែលត្រូវបានគេស្គាល់ថា របស់លោក អេថិន ជានិច្ច ហៅលោក ដប់គត់ ម្ចាស់ផលិតកម្ម C2go និងជាម្ចាស់អង្គការ «ខ្ញុំខ្មែរ» បានសរសេរថា លោកមិនអាចទទួលយកបាននោះទេ នៅពេលមានការភ្ជាប់រូបអាវរបស់អង្គការ ខ្ញុំខ្មែរ ដែលលោកបង្កើតឡើងក្នុងគោលបំណង ធ្វើសកម្មភាពសប្បុរសធម៌ និងដើម្បីជួយខ្មែរ ក្នុងសកម្មភាព លើកស្ទួយវិស័យសិល្បៈ ត្រូវបានគេយកទៅប្រើ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រមុខដឹកនាំ ដែលលោកបានហៅទង្វើនោះថា គឺជាការល្មើសចំពោះអង្គការរបស់លោក ដ៏ធំមួយមិនអាចទទួលយកបាន។
គណនីដដែលបន្តថា នៅក្នុងប្រទេសអូស្ត្រាលី លោកបានដឹកនាំតារាសិល្បៈ ជាច្រើនរួចមកហើយ ទៅច្រៀងក្នុងគម្រោងរ៉ៃអង្គាសថវិកា មកជួយដល់ស្រ្តីក្រីក្រ និងក្មេងកំព្រានៅកម្ពុជា ដោយការសម្ដែងសិល្បៈមួយលើកៗ គឺលោកបានបោះពុម្ពអាវរបស់អង្គការខ្ញុំខ្មែរ មិនក្រោមរាប់រយនាក់នោះទេ ទៅចែកចាយដល់ពលរដ្ឋខ្មែរបូករួមទាំង ជនជាតិអូស្រ្តាលីផង ឲ្យស្គាល់ពីសកម្មភាពរបស់អង្គការលោក។ អ៊ីចឹងហើយទើបលោកមិនទទួលយកបាន នៅពេលដែលមានក្រុមប្រឆាំងមួយចំនួន បានប្រើអាវរបស់លោកទៅធ្វើសកម្មភាព ឬបានយកម៉ាកអាវរបស់លោក ទៅភ្ជាប់នឹងសកម្មភាពក្រុមអ្នកនយោបាយ ដែលលោកបានអះអាងថា នោះគឺជារឿងដែលមិនអាចទទួលយកបាន។
លោក អេថិន ជានិច្ចបន្តថា អង្គការខ្ញុំខ្មែរ បូករួមទាំងផលិតកម្ម ដែលលោកបានបង្កើត អត់ធ្វើសកម្មភាពពាក់ព័ន្ធនឹងឆាក នយោបាយ១០០ភាគរយ ហើយពាក្យថា «ខ្មែរ» ដែលលោកបានប្រើជាឈ្មោះអង្គការ ក៏មិនមែនដើម្បីប្រើសម្រាប់ក្នុងន័យនយោបាយនោះដែរ គឺប្រើក្នុងន័យឲ្យខ្មែរចេះរួបរួមគ្នា ដើម្បីជួយខ្មែរ ជាពិសេស គឺចេះតែធ្វើសកម្មភាពប្រគំតន្ត្រី រ៉ៃអង្គាសថវិកាដើម្បីបានជួយដល់ខ្មែរ ដែលមានជីវិភាពខ្វះខាត នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
យ៉ាងណាមិញ លោកបានប្រកាសច្រានចោល ចំពោះបុគ្គលណាដែលបានយកអាវរបស់លោក ទៅពាក់ធ្វើសកម្មភាពមិនស្របនឹងច្បាប់ និងរឹតតែមានមិននទទួលខុសត្រូវថែមទៀត ប្រសិនបើមានក្រុមប្រឆាំងណាម្នាក់ ពាក់អាវរបស់អង្គការលោក ហើយបានប្រកាសថា ជាក្រុមរបស់អង្គការខ្ញុំខ្មែរ ដែលលោកប្រកាសថា អង្គការខ្ញុំខ្មែរ គឺមិនមានសមាជិក ឬក្រុមការងារណាម្នាក់ ជាមនុស្សរបស់បក្សនយោបាយនោះទេ។ លោកទទូចឲ្យអ្នកយកអាវរបស់អង្គការលោក ទៅពាក់ព័ន្ធមិនថា យកទៅពាក់ ឬមិនថា យកទៅផុសភ្ជាប់ជាមួយនឹងក្រុមប្រឆាំង ដែលបានដុតរូបទីងមោង តំណាងឲ្យសម្ដេចតេជោ នាយករដ្ឋមន្ត្រី ទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះទង្វើដែលបានកើតឡើង ដោយលោកក៏នឹងដាក់ពាក្យបណ្ដឹងផងដែរ ប្រសិនបើទង្វើ ដែលបានបង្កឡើងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គការ៕