(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា កន្លងទៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរួមចំណែកយ៉ាងសំខាន់ ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា តាមរយៈការចេញអត្ដសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋដើម្បីបម្រើឲ្យការបោះឆ្នោត។
នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា បានបញ្ជាក់ថា បើទោះបីពលរដ្ឋខ្លះមានបញ្ហារឿងបាត់អត្ដសញ្ញាណប័ណ្ណនៅពេលបោះឆ្នោត ក៏ខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញទម្រង់ឯកសារដែលបម្រើឲ្យការបោះឆ្នោតបានដូចគ្នាដែរ ប៉ុន្ដែប្រសិនបើប្រជាពលរដ្ឋទាំងអស់ អត់អត្តសញ្ញាណប័ណ្ណ ក៏មិនអាចចេញឲ្យទាំងអស់បាននោះដែរ ដូច្នេះហើយការចេញអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋជារឿងចាំបាច់ និងសំខាន់បំផុត។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ប្រគល់ភារកិច្ចជូននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
នាយឧត្តមសេនីយ៍ អគ្គនាយក បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលកន្លងមកនេះ យើងបានខិតខំរួមចំណែកទៅលើកិច្ចការយ៉ាងច្រើន ខ្ញុំគិតថាបើសិនមិនមានការរួមចំណែកដ៏សកម្មខ្លាំងខ្លា ពីអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម មានការកែទម្រង់ថ្មីអំពីការបោះឆ្នោត [...] នេះជាឧទាហរណ៍មួយ ដែលយើងបានរួមចំណែកធ្វើឲ្យសម្រេចភារកិច្ចនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»។
បើតាមអគ្គនាយករូបនេះ ការសម្រេចគ្រប់ភារកិច្ចទៅបានដោយរលូន ក៏មិនអាចខ្វះបាននូវការចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមន្ដ្រីក្រោមឱវាទទាំងអស់ ហើយបើមិនមានការឯកភាពផ្ទៃក្នុងនោះទេ ការចាត់ចែងអនុវត្តនូវកិច្ចការទាំងអស់នេះទេ វាមិនទទួលបានជោគជ័យនោះទេ។
អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវបន្ដខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តនូវផែនការ បន្ដរួមសាមគ្គី និងត្រូវគិតគូការងារជាក្រុម និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងការទទួលខុសត្រូវខ្ពស់ ចំពោះមុនតំណែង និងតួនាទីរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា នៅព្រឹកមិញនេះ ក៏បានប្រគល់អនុក្រឹត្យដល់ លោកឧត្តមសេនីយ៍ឯក សួន សុភាព ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអគ្គនាយករង និងលោកឧត្តមសេនីយ៍ទោ ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
សូមជម្រាបថា យោងតាមរបាយកាណ៍បូកសរុបការងារអត្តសញ្ញាណកម្ម ឆ្នាំ២០១៤-២០១៧ បានឲ្យដឹងថា រយៈពេល៣ឆ្នាំ (ឆ្នាំ២០១៤ ដល់២០១៧) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ចំនួន៩,៧៥១,៩៣៤សន្លឹកត្រូវបោះពុម្ព ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់។
ទទ្ទឹមនឹងការបោះពុម្ពអត្តសញ្ញាណប័ណ្ណជិត១០លានសន្លឹកនោះ មានអត្តសញ្ញាណប័ណ្ណចំនួន៥៥,៣៨៣សន្លឹក ត្រូបានបោះពុម្ពផ្សាយឡើងវិញ ដោយមានបញ្ហាខុចគុណភាព បាត់ កែតម្រូវទិន្នន័យ និងខុសបច្ចេកទេស។
ការអនុវត្តតាមច្បាប់ស្តីពីកាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្រសួងមហាផ្ទៃ បានបញ្ជូនទិន្នន័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦លើក ស្មើ៩,៧១៨,៩៣០នាក់ ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការផ្ទៀងផ្ទាត់រៀបចំទិន្នន័យក្នុងបញ្ជីបោះឆ្នោតថ្មី៕