(ស្វាយរៀង)៖ បុរសចិត្តតិរច្ឆានម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ដោយសារចាក់សាំងបំណងដុតប្រពន្ធ និងកូនខ្លួនឯងឲ្យស្លាប់ក្នុងម៉ុងទាំងយប់ ព្រោះតែរឿងឈ្លោះប្រកែកគ្នាបន្តិចបន្តួច ដែលហេតុការណ៍នេះកើតឡើងនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
មន្ត្រីនគរបាលស្រុកចន្ទ្រា បានឲ្យដឹងថា ហេតុការណ៍ផ្អើលឆោឡោនេះ បានកើតឡើងនារាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ជនសង្ស័យដែលចាក់សាំងដុតប្រពន្ធ និងកូននោះ មានឈ្មោះ ថុល ចាន់ អាយុ៤៧ឆ្នាំ ជនរងគ្រោះដែលជាប្រពន្ធមានឈ្មោះ តឿ ចិន្ដា អាយុ៣៧ឆ្នាំ និងកូនឈ្មោះ វ៉ាត់ សុជាតិ អាយុ៦ឆ្នាំ រងរបួសធ្ងន់។
មន្ត្រីដដេលបានបន្តថា ក្រោយពីកើតហេតុភ្លាមៗ កម្លាំងនគរបាលនៃអធិការនគរបាលស្រុកចន្ទ្រា បានសហការជាមួយនគរបាលប៉ុស្តិ៍សំរោង បានឃាត់ខ្លួនជនសង្ស័យ រួចនាំខ្លួនទៅអធិការដ្ឋាននគរបាលដើម្បីធ្វើសាកសួរ។
បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ម្ដាយ និងកូន កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកជីភូ រីឯជនសង្ឃ័យត្រូវបានឃាត់ខ្លួននៅអធិកាដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជួនចាត់ការតាមនីតិវិធី៕