(ភ្នំពេញ)៖ លោក សឹង្ហ គិរី ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសគាំទ្រ និងទទួលយកនូវលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ ដែលធ្វើឡើងនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីរំលឹកខួប២ឆ្នាំ នៃការបង្កើតបក្សខ្មែររួបរួមជាតិ នៅទីស្នាក់ការកណ្តាល នាសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកនេះ។
លោក សឹង្ហ គីរី បានថ្លែងថា «ការបោះឆ្នោតព្រឹទ្ធសភាកាលពីម្សិលមិញនេះ គឺថាប្រព្រឹត្តទៅយ៉ាងរលូនហើយ គឺអត់មានបញ្ហាអីទេ ហើយចំពោះលទ្ធផល ខ្ញុំទទួលយកដោយសារទី១ ខ្ញុំក៏យល់ខ្លួនឯងថា សមាជិករបស់គណបក្សខ្មែររួបរួមជាតិ ក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានសិទ្ធិបោះឆ្នោតហ្នឹងមានចំនួនចំនួនប៉ុណ្ណឹងដែរ ហើយលទ្ធផលក៏ឃើញអញ្ចឹងមែន»។
សូមបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ ជាបក្សមួយក្នុងចំណោមបក្សទាំង៤ ដែលបានចូលប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ ដោយទទួលបានចំនួន១៨២សំឡេង៕