(ស្វាយរៀង)៖ បុរសជាជាងផ្សារដែកម្នាក់ រងការចោទប្រកាន់ថា បានចាប់រំលោភនារីជាសិស្សសាលា ហើយមិនទទួលស្គាល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីធ្វើសាកសួរ នៅភូមិចំបក់ សង្កាត់ចេក ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១៩៖៥០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ម្សិលមិញនេះ មានប្រជាពលនៅភូមិចំបក់ សង្កាត់ចេក បានរាយការណ៍ តាមទូរស័ព្ទប្រាប់សមត្ថកិច្ចប៉ុស្ដិ៍ថា មានករណីរំលោភនៅភូមិចំបក់ សង្កាត់ចេក នៅវេលាម៉ោង២៣៖០០នាទី កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រោយពីបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងស្វាយរៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេក ចុះទៅដល់កន្លែងកើតហេតុ សាកសួរជនរងគ្រោះ ឈ្មោះ សេក សារ៉ែន ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស បានប្រាប់ថា មានគេចាប់រំលោភខ្លួន គឺខ្លួនស្គាល់មុខ តែមិនស្គាល់ឈ្មោះទេ។
ក្រោយមកសមត្ថកិច្ច បាននាំជនសង្ស័យមកប៉ុស្ដិ៍បង្ហាញមុខ ជនរងគ្រោះចង្អុលប្រាប់ថា ជនសង្ស័យនេះ ពិតជាបានរំលោភខ្លួនប្រាកដមែន។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ឃុន នា (ហៅដា) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងផ្សាដែក កូនខ្មែរនៅក្រុងស្វាយរៀង មានទីលំនៅភូមិសំបុក ឃុំសំបុក ស្រុក ចិត្របូរី ខេត្តក្រចេះ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីស្រាវជ្រាវបន្ត៕