(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ដល់ថ្នាក់ដឹកនាំសមាគមខ្មែរ-ចិន ឲ្យរួមគ្នាថែរក្សាសមិទ្ធផលទាំងឡាយដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នកុំឲ្យរងការបំផ្លិចបំផ្លាញជាថ្មីដូចក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការថ្លែងជំរុញរបស់ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ១២កើត ឆ្នាំរកា ខែផល្គុន ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងពេលដែលសម្តេចតេជោ បានអនុញ្ញាតឲ្យសមាគមខ្មែរ-ចិន ដឹកនាំដោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមខ្មែរ-ចិន ចូលជួបសម្តែងការគួរសម និងជម្រាបជូននូវសមិទ្ធិផលការងារមួយចំនួន។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរពីការប្រឹងប្រែងរកស៊ីរបស់បងប្អូនចិន ដែលមករស់នៅក្នុងប្រទេសកម្ពុជា ដោយបានកសាងជីវភាពពីគ្មានអ្វីសោះរហូតមានជីវភាពល្អប្រសើរ។
សម្តេចតេជោ បានរំលឹកថា បងប្អូនចិន ដែលបានធ្វើដំណើរមកក្នុងប្រទេសកម្ពុជានាអំឡុងឆ្នាំ១៩២០ និងឆ្នាំ១៩៤០ គឺមានតែជើងក្តាមប្រៃសម្រាប់ធ្វើជាអាហារតែប៉ុណ្ណោះ តែពេលមកដល់ប្រទេសកម្ពុជា ក៏ប្រឹងប្រែងរកស៊ីរហូតមានជីវភាពធូរធា។ តែជាការសោកស្តាយសមិទ្ធផលដែលបងប្អូនប្រជាពលរដ្ឋចិនខិតខំរកបានមកដោយលំបាកនេះ ត្រូវបានបំផ្លាញចោលខ្ទេចខ្ទីនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំចលនាតស៊ូរំដោះប្រទេសចេញពីរបបវាលពិឃាត ប៉ុល ពត បានគូសបញ្ជាក់ថា ក្រោយពេលប្រទេសត្រូវបានរំដោះ និងស្រោចស្រង់ជាថ្មីនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក៏បានផ្តល់ឱកាសឲ្យបងបង្អូនចិននៅកម្ពុជា បានរកស៊ីមានបានជាថ្មី រហូតមកដល់ពេលបច្ចុប្បន្ននេះ។
ក្នុងន័យនេះសម្តេចតេជោ បានរំលឹកដល់សមាគមខ្មែរ-ចិន ត្រូវយល់ឲ្យច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវរួមគ្នាថែរក្សាឲ្យបាននូវសមិទ្ធផលទាំងអស់នេះ មិនត្រូវឲ្យមានការបំផ្លេចបំផ្លាញទៀតនោះឡើយ។
ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជានាព្រឹកមិញនេះ អ្នកឧកញ៉ា ពង់ ឃាវសែ ក៏បានជម្រាបសម្តេចតេជោ ហ៊ុន សែន ពីរចនាសម្ព័ន្ធ និងការងារទូទៅរបស់សមាគមផងដែរ។ បើតាមអ្នកឧកញ៉ា ពង់ ឃាវសែ បច្ចុប្បន្នសមាគមមានសមាជិកអចិន្ត្រៃយ៍១៨រូប និងសមាជិកសរុបប្រមាណ ៥០រូប។
ប្រធានសាមគមខ្មែរ-ចិនរូបនេះ បានបញ្ជាក់ប្រាប់សម្តេចតេជោថា សមាគមមានគោលដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាទាំងសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងការងារផ្សេងៗទៀត។ ជាពិសេសចូលរួមលើកស្ទួយវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕