(ភ្នំពេញ)៖ ជនរងគ្រោះប្រុសស្រីទាំង២នាក់ ដែលត្រូវខ្មាន់កាំភ្លើងម្នាក់ បើករថយន្តតាមទៅបាញ់ប៉ងសម្លាប់ចោល នៅមុខផ្ទះកាលពីយប់មិញ នៅខណ្ឌសែនសុខនោះ បាននិងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារមុខរបួសធ្ងន់ធ្ងរពេក ក្រោយត្រូវគ្រាប់កាំភ្លើង។

សម្រាប់អត្តសញ្ញាណវិញ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ប្រុសមានឈ្មោះ គង់ រ៉ាវិន អាយុ៣១ឆ្នាំ មុខរបរជាអ្នករកស៊ី និងមានទីលំនៅម្តុំទួលសង្កែ ខណ្ឌឬស្សីកែវ និងជាម្ចាស់រថយន្ត Tacoma។ ដោយឡែកស្រ្តីរងគ្រោះឈ្មោះ គីន វិន អាយុ២៥ឆ្នាំ មុខរបរអ្នកលក់ខោអាវ។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មូលហេតុតាមការសួរនាំជាជំហ៊ានដំបូងនោះ សង្ស័យផ្តើមចេញពីរឿងស្នេហាត្រីកោណ។ តែយ៉ាងណានោះ នៅពេលនេះកម្លាំងនគរបាល ក្រោមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បាននិងកំពុងបើក ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនល្មើស។

សម្រាប់ហេតុការណ៍នេះ ត្រូវបានភ្មាក់ងារព័ត៌មាន Fresh News ប្រចាំការនៅពេលរាត្រី លោក ប៉ែន ចិន្តា រាយការណ៍ថា បានកើតឡើងយ៉ាងលឿន ដោយជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយសូម្បីតែសមត្ថកិច្ចមូលដ្ឋាន ក៏បានដឹងពីករណីផងដែរ ក្រោយពេលកើតហេតុនោះ។

សូមបញ្ជាក់ថា នៅពាក់កណ្តាលយប់ឆ្លងចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ត្រី និងបុរសចំនួន២នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវខ្មាន់កាំភ្លើង បើករថយន្តមិនស្គាល់ម៉ាកតាមបាញ់ប្រហារ ប៉ងផ្តាច់ជីវិត នៅតាមផ្លូវ១៩៧៤ ស្ថិតក្នុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យធ្ងន់ ហើយធ្លុះធ្លាយរថយន្តជាច្រើនគ្រាប់។

តាមសម្តីសាក្សី មុនកើតហេតុជនរងគ្រោះ មានគ្នា២នាក់ជិះរថយន្តមួយគ្រឿងម៉ាក Toyota Tacoma ស្លាកលេខភ្នំពេញ 2Q-5081 តាមផ្លូវ១៩៧៤ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់មុខផ្ទះរងគ្រោះរូបនោះ បម្រុងឈប់រថយន្តចុះ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក បានបើកមកឈប់ក្បែរ ហើយធ្វើការបាញ់ប្រហារ ទៅលើរថយន្តជនរងគ្រោះ ចំនួន៥គ្រាប់ ពីខាងស្តាំនៃរថយន្ត បណ្តាលឲ្យត្រូវជនរងគ្រោះ ទាំងពីរនាក់ ដែលនៅក្នុងរថយន្ត Tacoma នោះតែម្តង ដោយនារីដែលគេប៉ងបាញ់ផ្តាច់ជីវិតត្រូវ៣គ្រាប់ គឺស្មាស្តាំ២គ្រាប់ កំភួនដៃខាងឆ្វេង១គ្រាប់ ចំណែកបុរសដែលបើករថយន្ត ត្រូវ១គ្រាប់ ចំកំភួនដៃខាងស្តាំ។

ក្រោយកើតហេតុជនសង្ស័យ បន្ទាប់ពីបាញ់ហើយ បានបើករថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយបានបន្សល់ទុកនៅតែ ក្បាលគ្រាប់កាំភ្លើង ដែលបាញ់ហើយប៉ុណ្ណោះ។ អ្នករងរបួសទាំង២នាក់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕