(ភ្នំពេញ)៖ សម្រាប់ថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន៧នឹងធ្វើការជ្រើសរើសបុគ្គលិកសរុប ១០៣០នាក់ ដែលមានមុខជំនាញជាច្រើនសម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចដាក់ទៅតាមជំនាញ និងចំណង់ចំណូលចិត្តរៀងៗខ្លួន។

ក្រុមហ៊ុនធំៗទាំង៧នោះរួមមាន៖ ក្រុមហ៊ុន Cellcard រើស២១០នាក់, ក្រុមហ៊ុន DKSH រើស៨០ នាក់,ក្រុមហ៊ុន MING WUOY រើស១០៣នាក់, ក្រុមហ៊ុនកាហ្វេ BROWN រើស៣៤នាក់, ផ្សារទំនើប AEON MALL រើស451នាក់, ក្រុមហ៊ុន World dinning រើស២៧នាក់, និងក្រុមហ៊ុន KPW Lottery រើស នាក់២០៧។

លោកគឹម វុទ្ធី ប្រធានជ្រើសរើសបុគ្គលិកក្រុមហ៊ុន DKSH លើកឡើងថា គិតត្រឹមឆ្នាំ២០១៧កន្លងទៅក្រុមហ៊ុនបានជ្រើសរើសបុគ្គលិកតាមរយៈ NEAចំនួន៧លើករួចមកហើយ។ លោកសង្កេតឃើញថា បុគ្គលិកដែលមកសម្ភាសតាមរយៈNEA នេះភាគច្រើនគឺពួកគាត់បានត្រៀមខ្លួនរួចជាស្រេចទាំង CV ទាំងការរៀបចំខ្លួនជាដើម។ លោកបានឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកកំពុងម្រើការងារ នៅក្រុមហ៊ុនមានជាង១,៦០០នាក់ ក្នុងនោះមួយចំនួនជ្រើសរើសចេញពីវេទិកាការងាររបស់NEA។

លោកវុទ្ធីបានបន្តឲ្យដឹងថា សម្រាប់ថ្ងៃទី២៧ខាងមុខនេះ ក្រុមហ៊ុនមានតម្រូវការបុគ្គលិក៦០តំណែង ហើយក្នុងតំណែងដ៏ច្រើននេះ មុខតំណែងមួយចំនួនត្រូវការអ្នកមានបទពិសោធន៍ និងមួយចំនួនទៀតអ្នកគ្មានបទពិសោធន៍ក៏អាចដាក់ពាក្យសម្ភាសបានដែរ។

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះរៀងរាល់សប្តាហ៍ទី៤នៃខែនីមួយ ចាប់ពីម៉ោង៨៖០០ ដល់ម៉ោង៥៖០០ល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងវេទិកាការងាររៀងរាល់ខែ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)មកជាមួយផង។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ៖ 016 78 66 55៕