(កំពត)៖ លោក ខូវ សេងហុក បុរសម្នាក់ដែលរងការចោទប្រកាន់ពីស្ត្រីម្នាក់ឈ្មោះ ម៉ុក លីដា ថា បានប្រើអំពើហិង្សាដោយចេតនាមកលើនាង កាលពីចុងខែធ្នូ ឆ្នាំ២០១៧នោះ នៅថ្ងៃនេះ បានចេញមុខបកស្រាយភាពស្អាតស្អំរបស់ខ្លួនបន្ថែម បើទោះបីជាស្នងការដ្ឋានគនរបាលខេត្តកំពត បកស្រាយជូនសាធារណជន អំពីករណីនេះរួចហើយក៏ដោយថា លោក ខូវ សេងហុក មិនបានប្រព្រឹត្តអំពើហិង្សា ដូចការចោទប្រកាន់ឡើយ។
ការចេញមកបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីស្ត្រីឈ្មោះ ម៉ុក លីដា បង្ហោះព័ត៌មានចោទប្រកាន់នៅលើ Facebook ចោទប្រកាន់រូបលោក (ខូវ សេងហុក) ជាជនល្មើសដែលប្រើអំពើហិង្សាដោយចេតនា ហើយថែមទាំងចោទសមត្ថិច្ចថា មិនព្រមអនុវត្តន៍ច្បាប់ ចាប់ខ្លួនរូបលោក បើទោះបីជាស្ត្រីរូបនោះដាក់ពាក្យបណ្តឹងរួចហើយក្តី។
លោក ខូវ សេងហុក អះអាងថា រឿងហេតុដែលកើតឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ គឺដូចគ្នានឹងការលើកឡើងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតដែរ។ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវការបកស្រាយ នៃការចោទប្រកាន់នេះ របស់ស្នងការនគរបាលខេត្តកំពត ដែលបង្ហោះលើ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្ត ទាំងស្រុងដូចខាងក្រោម៖
ស្នងការដ្ឋាននគរបាលខេត្តកំពតពន្យល់លម្អិតដូចខាងក្រោម៖ ក្នុងនាមកងកម្លាំងមានសមត្ថកិច្ច មានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការពារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសកើតឡើងក្នុងសង្គម។ ចំពោះករណីបទល្មើសនីមួយៗ ទាល់តែមានភស្តុតាង និងសាក្សីបំភ្លឺគ្រប់ជ្រុងជ្រោយ ទើបអាចកំណត់បទល្មើស និងចោទប្រកាន់ជនសង្ស័យបាន។ ដោយឡែកចំពោះករណីរបស់ស្ត្រីម្នាក់ ឈ្មោះ លីដា សរសេរបង្ហោះក្នុង Facebook ចោទប្រកាន់សមត្ថកិច្ចនោះ គឺមិនមានមានន័យថា សមត្ថកិច្ចមិនចាត់ការនោះទេ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងឯកសារទៅតាមនីតិវិធី ដើម្បីដាក់បញ្ជូនទៅស្ថាប័នតុលាការចាត់ការតាមផ្លូវច្បាប់។
របាយការណ៍អធិការស្រុកកំពង់ត្រា បានរៀបរាប់ដូចខាងក្រោម៖
* ករណីចោទប្រកាន់ប្រើហិង្សា កើតឡើងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង៣រសៀល មានករណីចោទប្រកាន់ប្រើហិង្សា នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។
* ភាគីក្រុមទី១ មានគ្នាចំនួន៤នាក់ (ក្រុមស្ត្រីដែលចោទប្រកាន់)
១៖ ឈ្មោះ ម៉ុក លីដា ភេទស្រី អាយុ៣២ឆ្នាំ មានរបួសនៅចុងច្រមុះ។
២៖ ឈ្មោះ ម៉ុក ម៉ាល័យ ភេទស្រី អាយុប្រហែល៥០ឆ្នាំ។
៣៖ ឈ្មោះ ម៉ុក ស្រីមុំ ភេទស្រី អាយុប្រហែល៤៧ឆ្នាំ។
៤៖ ឈ្មោះ ម៉ុក សុធី ភេទប្រុស អាយុប្រហែល៣២ឆ្នាំ (ទាំង៤នាក់បងប្អូនខាងលើ មានទីលំនៅ ភូមិ ឃុំ កន្លែងកើតហេតុ)។
* ភាគីក្រុមទី២ មានគ្នាចំនួន២នាក់
១៖ ឈ្មោះ ខូវ ស៊ីវ ភេទប្រុស អាយុ៣៣ឆ្នាំ។
២៖ ឈ្មោះ ខូវ សេងហុក ភេទប្រុស អាយុ៣៦ឆ្នាំ (ទាំង២នាក់ បងប្អូននេះ មានទីលំនៅ សង្កាត់លេខ៣ ខណ្ឌ៧មករា ក្រុងភ្នំពេញ តែមានដីភូមិទំនាស់ជាប់ដីជាមួយឈ្មោះ ម៉ុក លីដា)។
* ករណីខាងលើកើតឡើងដោយគូភាគីទាំង២ខាងលើ ធ្លាប់មានទំនាស់គ្នា រឿងចាក់ដីអណ្តូងទឹក ប៉ុន្តែនៅថ្ងៃកើតហេតុខាងលើ ដោយមានសំណូមពរខាងភាគីឈ្មោះ ខូវ ស៊ីវ និង ខូវ សេងហុក សូមឲ្យមានក្រុមការងាររបស់ស្រុក និងឃុំចុះទៅវាស់វែងកន្លែងដីស្រែ មិនមានទំនាស់ទេ មានសមាសភាពក្រុមការងាររួមមាន៖
១៖ លោក ម៉ា សាមិត្ត ប្រធានការិយាល័យអន្តរវិស័យស្រុក។
២៖ លោកស្រី លឹម លុយ មេឃុំកំពង់ត្រាចខាងកើត។
៣៖ លោក វ៉ាន់ ចាន់មករា មន្រ្តីនគររូបនីយ៍កម្មដែនដីស្រុក ។
៤៖ លោកព្រិន្ទបាលឯក ចាប សារ៉ន មន្ត្រីនគរបាលប៉ុស្តិ៍កំពង់ត្រាច។
តាមការបំភ្លឺរបស់សាក្សី ដែលជាក្រុមការងារចុះវាស់វែងដី នៅកន្លែងកើតហេតុបំភ្លឺប្រហាក់ប្រហែលគ្នាថា ពេលក្រុមការងារកំពង់វាស់វែង ឈ្មោះ ម៉ុក លីដា ជំទាស់មិនឲ្យវាស់ ព្រមទាំងបានជេរប្រមាថលើភាគីឈ្មោះ ខូវ សេងហុក ស្របពេលនោះដែរ ឈ្មោះ ខូវ សេងហុក បានយកទូរសព្ទ័របស់ខ្លួនថតកន្លែងវាស់ ពេលនោះឈ្មោះ ម៉ុក លីដា បានទៅឆក់យកទូរសព្ទ័ពីឈ្មោះ ខូវ សេងហុក រត់ទៅសំដៅផ្ទះរបស់ខ្លួន ដល់ផ្ទះ ឈ្មោះ ម៉ុក លីដា ក៏ដួល រួចឈ្មោះ ខូវ សេងហុក ក៏បានទៅយកទូរសព្ទ័របស់ខ្លួនវិញ ពេលនោះ ក៏មានឈ្មោះ ម៉ុក ម៉ាលយ័, ម៉ុក ស្រីមុំ បានព្រួតគ្នាវាយឈ្មោះ ខូវ សេងហុក ពេលនោះ ឈ្មោះ ម៉ុក លីដា ក្រោកឡើងក៏បានយកទូរសព្ទ័របស់ ខូវ សេងហុក បោះចូលក្នុងទឹកត្រពាំងតែម្តងទៅ ហើយក៏មានឈ្មោះ ម៉ុក សុធី មកដេញទាត់ ឈ្មោះ ខូវ សេងហុក ថែមទៀត ហើយឈ្មោះ ខូវ សេងហុក ក៏បានចុះទឹករាវយកទូរសព្ទ័របស់ខ្លួនបានវិញទៅ។
* បើតាមការអះអាងរបស់ក្រុមការងារ គឺឈ្មោះ ខូវ សេងហុក មិនបានប្រើហិង្សាលើឈ្មោះ ម៉ុក លីដា ទេ មានតែបងប្អូនរបស់ឈ្មោះ ម៉ុក លីដា ទេដែលប្រើហិង្សាលើឈ្មោះ ខូវ សេងហុក។ ប៉ុន្តែឈ្មោះ ម៉ុក លីដា បានចោទឈ្មោះ ខូវ សេងហុក បានដាល់ត្រូវច្រមុះខ្លួន៕