(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូលើវាលរាបលើកទី៣ នឹងដំណើរការផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថៃ្ងទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ នៅទីលានពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានអ្នកគ្រប់គ្រងព្រឹត្តិការណ៍ប្រកួតក្លឹប KARA អះអាងថា នឹងទទួលបានជោគជ័យធំជាងបណ្តាឆ្នាំមុនៗ ខណៈការរៀបចំលើកទី៣នេះ ក្រុមហ៊ុនមួយចំនួនបានជំរុញខ្លាំងលើការកែច្នៃម៉ូតូ នឹងផ្តល់ថវិកាឧបត្ថម្ភដល់កីឡាករក្នុងការហ្វឹកហាត់បានគ្រប់គ្រាន់ ពិសេសគឺការគាំទ្រពីមហាជនតែម្តង។

បើតាមលោក ពៅ តិចលេង អ្នកចាត់ការទូទៅក្លឹប KARA និងជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍ប្រណាំងម៉ូតូ លើវាលរាបលើកទី៣ ថ្លែងឲ្យដឹងនៅក្នុងសន្និសិទសារព័ត៍មាន នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ នៅភោជនីដ្ឋានម៉ូតូកាហ្វេ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតខាងលើនេះ ក្លឹប KARA រៀបចំឡើងក្នុងគោលបំណងចង់ពង្រឹងសមត្ថភាពកីឡាករកម្ពុជា ពិសេសឲ្យពួកគេបានស្គាល់ច្បាប់ លក្ខន្តិកនៃការប្រកួត ក្នុងគោលដៅឆ្ពោះទៅកាន់ការប្រកួតប្រជែងលើឆាកអន្តរជាតិ។

អ្នកគ្រប់គ្រងរូបនេះបានពន្យល់ថា ព្រឹត្តិការណ៍ប្រកួតដែលមានរយៈពេល២ថ្ងៃនេះ គណៈកម្មាការបច្ចេកទេសបានដាក់ឲ្យប្រកួតប្រជែង លើ៥វិញ្ញាសា ក្នុងនោះមាន៖ វិញ្ញាសា A ប្រភេទម៉ូតូកែច្នៃដោយសិរីកម្លាំង 150cc វិញ្ញាសា B ម៉ូតូមានកម្លាំងម៉ាស៊ីនចាប់ពី 130-150cc វិញ្ញាសា C ម៉ូតូប្រើអំន្យែកម្លាំងម៉ាស៊ីន 125cc វិញ្ញាសា D ម៉ូតូអូតូកម្លាំងម៉ាស៊ីនចាប់ពី 110-125cc និងវិញ្ញាសាអ៊ីនដូរ៉េនប្រណាំងវិលជុំដែលមានអ្នកប្រណាំងធ្វើការជាក្រុម។

ក្នុងចំណោម៥វិញ្ញាសានេះ មាន២វិញ្ញាសាអាចមហាជនទូទៅចូលរួមប្រកួតបាន ដោយមិនចាំបាច់ជាកីឡាករអាជីពនោះទេ ពោលឲ្យតែមានចំណងចំណូលចិត្ត គឺអាចចូលរួមប្រកួតបាន។ សម្រាប់ព្រឹត្តិការណ៍ខាងលើនេះ មានប្រទេសចូលរួមប្រកួតចំនួន៤ វៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជាម្ចាស់ផ្ទះ។

អ្នកគ្រប់គ្រងព្រឹត្តិការណ៍រូបនេះ បានអំពាវនាវដល់មហាជនចូលរួមគាំទ្រព្រឹត្តិការណ៍នេះ ឲ្យបានច្រើនងាកបង្វែរផ្នត់គំនិតឈប់គិតថា អ្នកចូលចិត្តប្រណាំងម៉ូតូជាជនមិនល្អ ព្រោះការរៀបព្រឹត្តិការណ៍នេះ គឺដើម្បីបំផុសឲ្យយុវជនដែលតែងតែបង្ហោះម៉ូតូនៅផ្លូវសាធារណៈ ងាកមកចូលរួមប្រកួតប្រជែងបញ្ចេញសមត្ថភាពនៅលើទីលាន ងាកមកគោរពច្បាប់ និងអនុវត្តច្បាប់យ៉ាងខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា ព្រឹត្តិការប្រណាំងម៉ូតូលើវាលរាបបានធ្វើឡើងនៅកម្ពុជា២ រួចមកហើយ ដោយលើកទី១. ទាក់ទាញអ្នកទស្សនាបានប្រមាណ ៥ពាន់នាក់ លើកទី២. ៧ពាន់នាក់ និងលើកទី៣. រៀបចំនៅទីលាបពហុកីឡដ្ឋានមរតកតេជោ រំពឹងទាក់អ្នកអ្នកចូលទស្សនាកើនលើសឆ្នាំមុនៗ៕