(ភ្នំពេញ)៖ រដ្ឋបាលក្រុងព្រះសីហនុ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកនាំជញ្ជូន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានចេញសេចក្ដីជូនដំណឹងអន្តរមន្ទីរ-ក្រុង ជម្រាបទៅអាជីវករទេសចរណ៍ឲ្យចូលរួមអនុវត្តនូវការណែនាំចំនួន៨ចំណុច ក្នុងនោះក៏ស្នើឲ្យបញ្ឈប់ការបង្ហូរទឹកស្អុយចូលទៅឆ្នេរខ្សាច់ផងដែរ សំដៅចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង។
ការប្រកាសណែនាំនេះ ក៏ដោយសារតែកន្លងមក មានអាជីវករទេសចរណ៍មួយចំនួននៅក្រុងព្រះសីហនុ ចេះតែបង្ហូរទឹកស្អុយចូលឆ្នេរខ្សាច់ និងការប្រព្រឹត្តសកម្មភាពអាជីវកម្មមួយចំនួនទៀត ដែលនាំប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងឆ្នេរខ្សាច់។
ការណែនាំទាំង៨ចំណុចនោះ រួមមាន៖
១៖ រាល់ការសាងសង់ និងជួសជុលកែលម្អទីតាំងអាជីវកម្ម ត្រូវស្នើសុំមករដ្ឋបាលក្រុង-ខេត្ត និងមន្ទីរទេសចរណ៍ជាមុន។
២៖ ហាមដាក់តុ កៅអី ឆ័ត្រសម្រាប់ភ្ញៀវទទួលទានអាហារ និងទុកសម្ភារប្រើប្រាស់ផ្សេងៗនៅលើឆ្នេរខ្សាច់។
៣៖ ហាមចិញ្ចឹមសត្វឆ្កែ មាន់ ទា និងដាក់គ្រែស្នាក់នៅក្នុងតំបន់រមណីយដ្ឋានឆ្នេរ។
៤៖ ហាមបង្ហូរទឹកស្អុយលើខ្សាច់ និងចូលទៅក្នុងសមុទ្រ។
៥៖ ហាមដាក់តាំង និងជួសជុលម៉ូតូទឹកនៅក្នុងសមុទ្រ។
៦៖ ត្រូវដាក់ធុងចម្រោះទឹកកខ្វក់ និងបង់សេវាសម្រាប់បូមចេញ។
៧៖ ត្រូវចូលរួមសម្អាតទីតាំងអាជីវកម្ម និងបរិស្ថានអនាម័យ សំរាមនៅឆ្នេរខ្សាច់ឲ្យបានស្អាតជាប្រចាំ។
៨៖ ហាមយកទីតាំងអាជីវកម្មធ្វើកន្លែងជួញដូរផ្លូវភេទ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ខាងក្រោមនេះ ជាខ្លឹមសារលម្អិតក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរពាក់ព័ន្ធ៖