(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រោយពីបានចាប់ឆ្នោតទទួលយកដីអាស្រ័យផលនេះហើយ គប្បីប្រើប្រាស់ និងបែងចែកដីនេះឲ្យបានត្រឹមត្រូវ និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ចេះរួមរស់សាមគ្គីគ្នាទៅវិញទៅមកទើបល្អប្រសើរ។
ថ្នាក់ដឹកនាំទាំង២ បានថ្លែងបែបនេះ ក្នុងឱកាសចុះផ្តល់ដីអាស្រ័យផល តាមរយៈការចាប់ឆ្នោតជ្រើសរើសក្បាលដី ជូនប្រជាពលរដ្ឋ៦៤គ្រួសារ ស្មើនឹង៣២ហិកតា ក្នុងនោះ២ហិកតាជាដីបម្រុងរួម ស្ថិតក្នុងភូមិស្នារាជ ឃុំកំពង់ពោធ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានទំនាស់អូសបន្លាយជាង២០ឆ្នាំកន្លងមក។
លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានថ្លែងថា ផ្ទៃដីចំនួន៣២ហិកតា ក្នុងនោះ២ហិកតា ជាដីរួមរបស់ភូមិ បានផ្តល់ជូនប្រជាពលរដ្ឋចំនួន៦៤គ្រួសារ តាមរយៈការចាប់ឆ្នោតនាពេលនេះ គឺជាការខិតខំគិតគូរប្រឹងប្រែង ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះក្រុមការងារ ជួយមូលដ្ឋានឃុំស្រុក និងអាជ្ញាធរខេត្ត ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចប្រគល់ដីទាំងនេះជូនបងប្អូនស្របច្បាប់ ដើម្បីបញ្ចប់ទំនាស់វិវាទ ដែលបានអូសបន្លាយជាង២០ឆ្នាំកន្លងមក រវាងប្រជាពលរដ្ឋឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងប្រជាពលរដ្ឋឃុំកញ្ជរ ស្រុកកណ្តៀង។
ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា ដោយអនុវត្តស្របតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នានោះ ប្រជាពលរដ្ឋទូទាំងប្រទេស និយាយរួម ក៏មានប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ដែរ គឺស្ថិតក្នុងមហាគ្រួសារ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ហេតុនេះហើយបានជាសម្តេចតេជោ ហ៊ុន សែន ខិតខំពុះពារសំដៅធ្វើយ៉ាងណា ឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះ រស់នៅប្រកបដោយសុខមាលភាព សុវត្ថិភាព ស្ថេរភាពនៅក្នុងសង្គម។ ជាការពិតណាស់ថា បញ្ហាទំនាស់ដីធ្លី តែងតែកើតមានស្ទើរគ្រប់ទីកន្លែង រហូតមានការប្តឹងផ្តល់គ្នាទៅវិញទៅមក ដោយសារព្រំដីបន្តិចបន្ទួច និងការកាប់ឆ្ការរុករានដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ ត្រង់ចំណុចនេះ សូមកុំឲ្យមានបន្តទៅទៀត បងប្អូនមានបញ្ហាអ្វីដែលកើតឡើង គប្បីរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដែលជាម៉ែ ជាឳ កុំធ្វើអ្វីមួយប្រថុយប្រថាន នាំគ្រោះថ្នាក់ និងនាំឲ្យប៉ះពាល់ដល់ផ្នែកច្បាប់។
លោក ម៉ៅ ធនិន បានបន្ថែមទៀតថា នៅពេលខាងមុខ លោកនឹងជម្រុញឲ្យក្រុមការងារបន្តកែលម្អទាំងផ្លូវ និងទីតាំងសាងសង់លំនៅដ្ឋានឲ្យបានល្អ។ ចំពោះមន្ត្រីនៃមន្ទីរ ដ.ន.ស.ស ត្រូវពន្លឿនក្នុងការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានឆាប់រហ័ស ដើម្បីឲ្យពួកគាត់ទទួលបានប័ណ្ណកម្មសិទ្ធិដោយស្របច្បាប់ គ្មានការភ័យខ្លាច។ ក្រៅពីនោះទៀត បើបងប្អូនទាំង៦៤គ្រួសារ បានមករស់នៅទីនេះជាអចិន្ត្រៃយ៍ ក្រុមការងារនឹងបន្តជួយដោះស្រាយ ពូជបន្លែ ដំណាំ និងកិច្ចការផ្សេងៗ នៅពេលដែលមានតម្រូវការចាំបាច់។
ប្រជាពលរដ្ឋទាំង៦៤គ្រួសារ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ និងលោកអភិបាលខេត្ត ដែលបានផ្តល់ដីជូនពួកគាត់ ក្នុង១គ្រួសារ ទទួលបានដីកន្លះហិកតា ដែលបញ្ជាក់ពីការគិតគូ និងដោះស្រាយទាន់ពេលវេលា បន្ទាប់ពីទន្ទឹងរង់ចាំជាង២០ឆ្នាំមកហើយ៕