(ព្រះសីហនុ-កោះកុង)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកោះកុង បានស្រាវជ្រាវតាមចាប់ជនដៃដល់ម្នាក់ ដែលវាយសម្លាប់បងប្រុសបង្កើតរបស់ខ្លួន នៅទឹកដីខេត្តព្រះសីហនុ ដោយសារខឹងជនរងគ្រោះពូកែស្តីបន្ទោស និងវាយធ្វើបាបពេក។
របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថ បានទទួលបានព័ត៌មានពី ប្រជាពលរដ្ឋឈ្មោះ វ៉ាន់ សុផល ភេទប្រុស អាយុ៣៩ឆ្នាំ របបរទិញផលនេសាទ (ជាម្ចាស់ទូក) មានទីលំនៅក្រុម៦ ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ បានអូសមងជាប់សាកសពក្នុងសមុទ្រនៅចំណុចត្រីវិស័យលេខ35.45។ សាកសពឈ្មោះ នេត សម្បត្តិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរនេសាទមានទីលំនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លុះដល់វេលាម៉ោង៨៖៣០នាទី ថ្ងៃដដែលនោះ កម្លាំងអាវុធហត្ថស្រុកស្ទឹងហាវ ចំនួន៤នាក់ ដឹកនាំដោយលោក ម៉ិញ វុទ្ធី មេបញ្ជាការរងខេត្ត បានសហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ បានទៅស្រង់សាកសពឡើងគោក ដើម្បីឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យ។
ជាលទ្ធផល ជនរងគ្រោះស្លាប់ដោយសារការធ្វើឃាត។ ក្រោយមកជនសង្សយ័ឈ្មោះ នេត អឿន អាយុ៤២ឆ្នាំ មុខរបបរនេសាទត្រូវបានកម្លាំងអាវុធហត្ថ ស្រុកគីរីសាគរ ខេត្តកោះកុង ឃាត់ខ្លួនបាន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ រួចបានប្រគល់ឲ្យកម្លាំង អ.ហ ជំនាញបទល្មើសព្រហ្មទណ្ឌខេត្តព្រះសីហនុ យកទៅបន្តនីតិវិធីនៅខេត្តព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យជននេះ សម្លាប់បងប្រុសរបស់ខ្លួន ដោយសារតែបងប្រុសពូកែធ្វើបាបខ្លួន។ នៅថ្ងៃកើតហេតុនោះជនរងគ្រោះ បានវាយរូបគេទើបធ្វើឲ្យខឹង ក៏ទាញដំបងវាយបងប្រុសខ្លួន បណ្តាលឲ្យធ្លាក់ទៅក្នុងទឹកស្លាប់តែម្តង មុនពេលរត់គេចខ្លួនទៅខេត្តកោះកុង។
បច្ចុប្បន្នជនសង្ស័យ កម្លាំងការិយាល័យជំនាញ កំពុងសាកសួរបន្តនីតិវិធី៕