(ភ្នំពេញ)៖ នៅវេលាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋមួយចំនួនតំណាងឲ្យ៥៦គ្រួសារ រស់នៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានលើកគ្នាមកតវ៉ា នៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំឲ្យលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជួយទប់ស្កាត់ការចេញប័ណ្ណកម្មសិទ្ធិជូនសមាគមចិន ហុក គៀន ជាបណ្តោះអាសន្ន ដោយក្រុម ប្រជាពលរដ្ឋទាំងនេះ បានចោទថា សមាគមចិនមួយនេះ បានរំលោភដីរបស់ពួកគាត់ ដែលបានកាន់កាប់តាំងពីយូរណាស់មកហើយនោះ។
យោងតាមពាក្យបណ្តឹងដាក់ជូនលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា តំណាងប្រជាពលរដ្ឋបានរៀបរាប់ថា ដីទំហំ១៣ហិកតានេះ ត្រូវបានប្រជាពលរដ្ឋកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ លុះដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៨៧ សមាគមចិន ហុក គៀន បានធ្វើពាក្យដាក់ស្នើសុំខ្ចីដីទាំងនេះពីពួកគាត់ ដោយមានអាជ្ញាធរដែនដីទទួលស្គាល់ដឹងឮពិតប្រាកដ សម្រាប់យកធ្វើជាទីកន្លែង គោរពសក្ការៈបុណ្យប្រពៃណីចិនម្តងៗ។
ប្រជាពលរដ្ឋបានបន្តទៀតថា រហូតមកដល់ឆ្នាំ២០១១ សមាគមចិន ហុក គៀន រកទីតាំងថ្មីបាន រុះរើម៉ុងចេញបាត់ទៅ ក៏ប្រគល់ដីនេះមកឲ្យប្រជាពលរដ្ឋកាន់កាប់វិញ។ ស្រាប់តែពេលនេះមានឈ្មោះ សេង ស៊ីហេង បានចេញមកអះអាងថា ដីទាំងនេះជាដីរបស់ខ្លួន តំណាងឲ្យសមាគមចិន ហុក គៀន ទៅវិញ។
បើតាមប្រជាពលរដ្ឋ ពួកគាត់មិនបានស្គាល់ឈ្មោះ សេង ស៊ីហេង នេះទេ និងជំទាស់ដាច់ខាតចំពោះបុគ្គលនេះ មករំលោភបំដីរបស់ពួកគាត់ទាំង១៣ហិកតា។
យោងតាមលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើជូនអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ថា ទីតាំងដីដែលតំណាងប្រជាពលរដ្ឋស្មើសុំនេះ កំពុងនៅមានទំនាស់រវាងលោកស្រី យូ ចន្ថា (តំណាងប្រជាពលរដ្ឋ) និងសមាគមចិន ហុក គៀន ដែលពុំទាន់បានដោះស្រាយចប់នៅឡើយ ដូច្នេះដើម្បីរក្សាបាននូវផលប្រយោជន៍គូភាគីទាំងអស់ រដ្ឋបាលរាជធានីភ្នំពេញ ស្នើលោកអភិបាលខណ្ឌ រក្សាស្ថានភាពដើម នៃដីទំនាស់ទំហំ១៨៣,០០០ម៉ែត្រការ៉េនេះសិន រង់ចាំការដោះស្រាយបន្ត។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីភាគីសមាគមចិន ហុក គៀន នៅឡើយទេ។
សម្រាប់ប្រជាពលរដ្ឋ ដែលទៅតវ៉ានៅមុខក្រសួងដែនដីនោះ ត្រូវបានមន្រ្តីរបស់ក្រសួងចេញមកជួប និងទទួលញត្តិរបស់ពួកគាត់ ដើម្បីដាក់ជូនរដ្ឋមន្រ្តី ធ្វើការដោះស្រាយជូននៅពេលក្រោយទៀត៕