(ភ្នំពេញ​)៖ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​​នេះ​ បើក​សវនាការ​រឿង​ក្តី​លោក​ស្រី​ ថាក់​ ឡានី​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម​ រង្ស៊ី​ បច្ចុប្បន្ន​បាន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ករណី​ចោទប្រកាន់​ថា​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ជា​អ្នក​សម្លាប់​បណ្ឌិត​កែម​ ឡី​ ។

យោង​តាម​ដីកា​កោះ​ហៅ​ឱ្យ​ជនជាប់ចោទ​ចូល​សវនាការ​ដែល​ Fresh News ទទួល​បាន​បង្ហាញ​ថា​ លោក​ស្រី​ ថាក់​ ឡានី​ អាយុ​៦៣ឆ្នាំ​ ជាប់​ចោទ​ពី​បទ​"បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​"ប្រព្រឹត្ត​នៅ​ភូមិ​តាប៉ាង​ ឃុំ​ប៉ាតាង​ ស្រុក​លំផាត់​ ខេត្ត​រតនគិរី​ កាលពី​ថ្ងៃទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៨:៣០នាទី​ តាម​មាត្រា​៣០៥​ មាត្រា​៤៩៤​ និង​ មាត្រា​៤៩៥នៃ​ក្រម​ព្រហ្មទណ្ឌ​។

កន្លង​មក​ ​ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ សម្រេច​ដូចគ្នា​ផ្តន្ទា​ទោស​លោក​ស្រី​ ថាក់​ ឡានី​ ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​៦ខែ​​និង​ពិន័យ​៨លាន​រៀល​ ព្រម​ទាំង​សងសំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ចំនួន​១០០រៀល​។

នៅ​ក្នុង​វេទិកា​សាធារណៈ​នៅ​ខេត្ត​រតនគិរី​ លោក​ស្រី​​ ថាក់​ ឡានី​ បាន​ចោទប្រកាន់​សម្តេច​តេជោ​ថា​ ជា​អ្នក​សម្លាប់​បណ្ឌិត​ កែម​ ឡី​ ។​

ដើម្បី​ស្វែងរក​ភាព​យុត្តិធម៌​ និង​ ភាព​ស្អាតស្អំ​ក្នុង​នាម​ជា​មេ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​តាម​រយៈ​លោក​មេធាវី​ គី​ តិច​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​លោក​ស្រី​ ថាក់​ ឡានី​ ដោយ​សំណូមពរ​ឱ្យ​​តុលាការ​ចាត់​ការ​តាម​ច្បាប់​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹម​១០០រៀល​ប៉ុណ្ណោះ​ ៕