(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលធ្វើឡើងជាអសកល នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្រោមការត្រួតពិនិត្យពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងអ្នកសារព័ត៌មានជិត៧០០នាក់ផងដែរ។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គ.ជ.ប បានចេញសេចក្តីប្រកាសវាយតម្លៃថា បរិយាកាសនៅថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ បានប្រព្រឹត្តិទៅដោយរលូន ប្រកបដោយរបៀបរៀបរយ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ គ.ជ.ប ក៏បានអរគុណផងដែរ ដល់បណ្តាគធ.ខប និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានសហការ និងគ្រប់តាមបទបញ្ជា និងនីតិវិធី គ.ជ.ប និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតបានត្រឹមត្រូវ។
ការបោះឆ្នោតពេញ១ថ្ងៃនេះ គេសង្កេតឃើញមានចំណុចសំខាន់មួយចំនួនតូចតទៅ៖
* នៅព្រឹកព្រលឹមថ្ងៃបោះឆ្នោតនេះ គេសង្កេតឃើញថា មានថ្នាក់ដឹកនាំសំខាន់មួយចំនួនរបស់រាជរដ្ឋាភិបាល និងរដ្ឋសភា ដែលជាតំណាងរាស្រ្ត បានអញ្ជើញទៅបោះឆ្នោតនៅមូលដ្ឋានរៀងៗខ្លួន ក្នុងនោះរួមានដូចជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបោះឆ្នោតនៅក្រុងតាខ្មៅ, សម្តេច ហេង សំរិន បានបោះឆ្នោតនៅខេត្តកំពង់ចាម, សម្តេច ស ខេង បានបោះឆ្នោតនៅខេត្តបាត់ដំបង, សម្តេច ទៀ បាញ់ បានបោះឆ្នោតនៅខេត្តសៀមរាប។ ចំណែកតំណាងរាស្រ្តផ្សេងៗទៀត បានទៅបោះឆ្នោតនៅតាមមណ្ឌលនានាផងដែរ។
* អ្នកទៅចូលរួមបោះឆ្នោតឯណោះវិញ ត្រូវបាន គ.ជ.ប ប្រកាសថា មានរហូតដល់៩៩,៧៩ភាគរយ នៃអង្គបោះឆ្នោតសរុបចំនួន១១៦៩៥នាក់ ដែលក្នុងនោះមានតំណាងរាស្រ្តចំនួន១២៣រូប។ អគ្គបោះឆ្នោតដែលអវត្តមានមានចំនួនត្រឹមតែ២៥នាក់ ដែលជាចំនួនតិចតួចបំផុត។
* ក្រោយការបោះឆ្នោតបានបញ្ចប់ គ.ជ.ប បានប្រកាសលទ្ធផលបឋមមួយ។ តាមលទ្ធផលបឋមដែលប្រកាសដោយគ.ជ.ប នៅព្រលប់ថ្ងៃអាទិត្យនេះ បានបញ្ហាថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំ រាជរដ្ឋាភិបាល ទទួលបានសំឡេងគាំទ្រច្រើនលើសលុប។ ចំណែកឯគណបក្ស៣ផ្សេងទៀត រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា ដែលទទួលបានសំឡេងតិចតួច ពុំទទួលបានអាសនៈនោះឡើយ។ លទ្ធផលបឋម នៅតាមភូមិភាគនីមួយៗទទួលបានដូចតទៅ៖
· ភូមិភាគ១៖
គណបក្សប្រជាជនកម្ពុជា៖ ៨៩៧សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ២សំឡេង
គណបក្សហ្វ៊ិនស៊ីនប៉ិច៖ ១១សំឡេង
· ភូមិភាគ២៖
គណបក្សប្រជាជនកម្ពុជា៖ ១៣០៥សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ១៦សំឡេង
គណបក្ស ហ្វ៊ុនស៊ិនប៉ិច៖ ៤៥សំឡេង
គណបក្សយុវជនកម្ពុជា៖ ៣សំឡេង
·ភូមិភាគ៣៖
គណបក្សប្រជាជនកម្ពុជា៖ ៨៧១សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ៨សំឡេង
គណបក្សហ្វ៊ិនស៊ីនប៉ិច៖ ៤៤សំឡេង
· ភូមិភាគ៤៖
គណបក្សប្រជាជនកម្ពុជា៖ ២០៥៤សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ៧៩សំឡេង
គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ៨១សំឡេង
· ភូមិភាគ៥៖
គណបក្សប្រជាជនកម្ពុជា៖ ១៣២៤សំឡេង
គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ១៤សំឡេង
· ភូមិភាគ៦៖
គណបក្សប្រជាជនកម្ពុជា៖ ១៣៩៥សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ១៣សំឡេង
គណបក្សហ៉ិនស៊ិនប៉ិច៖ ១៨សំឡេង
· ភូមិភាគ៧៖
គណបក្សប្រជាជនកម្ពុជា៖ ១៦៨២សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ៣២សំឡេង
គណបក្សហ្វ៊ុនស៊ិនប៉ិច៖ ១៦សំឡេង
· ភូមិភាគ៨៖
គណបក្សប្រជាជនកម្ពុជា៖ ១៦៧៤សំឡេង
គណបក្សខ្មែររួបរួមជាតិ៖ ៣២សំឡេង
គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ៤៧សំឡេង
* គណបក្សយុវជនកម្ពុជា ដែលទទួលបានតែ៣សំឡេងនោះ បានប្រកាសទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ មុនគណបក្សដទៃទៀត។ គណបក្សនេះបានចាត់ទុកថា ការបោះឆ្នោតនេះ ពិតជាមានភាពត្រឹមត្រូវ និងយុត្តិធម៌ និងអាចទទួលយកបាន។
* ព័ត៌មានខ្លះទៀតទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤៖
- មានអសនៈចំនួន៦២ ស្មើនឹងសមាជិកព្រឹទ្ធសភា៦២រូប ក្នុងនោះច្បាប់កំណត់ថា សមាជិកព្រឹទ្ធសភា ២រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ ២រូបទៀតត្រូវបោះឆ្នោតដោយរដ្ឋសភា តាមមេតិភាគច្រើនដាច់ខាត និង នៅសល់ចំនួន៥៨រូប ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលរបស់អង្គបោះឆ្នោត
- អ្នកបោះឆ្នោត១១៦៩៥រូប កើនឡើងចំនួន២១៩រូប ពីអាណត្តិទី៣ ក្នុងនោះមានអង្គបោះឆ្នោតតំណាងរាស្រ្ត១២៣រូប
- រយៈពេលនៃការឃោសនាបោះឆ្នោត១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០១៨
- ការិយាល័យបោះឆ្នោតមានចំនួន៣៣ នៅទូទាំង២៥រាជធានី-ខេត្ត
- មានចំនួន៨ភូមិភាគ រួមមាន៖ ភូមិភាគទី១ រាជធានីភ្នំពេញ មាន ៦ អាសនៈ។ ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ អាសនៈ។ ភូមិភាគទី៣ ខេត្តកណ្តាល មាន ៥ អាសនៈ។ ភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ។ ភូមិភាគទី៥ ខេត្តតាកែវ កំពត និងកែប មាន ៧ អាសនៈ។ ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ អាសនៈ។ ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន ៩ អាសនៈ។ ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មាន ៦ អាសនៈ៕