(ត្បូងឃ្មុំ)៖ អគ្គិភ័យមួយបានឆាបឆេះចំការអំពៅរបស់លោក ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ យ៉ាងសន្ធោសន្ធៅ នៅក្បាលព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយតាមការសន្និដ្ឋានជាបឋមបំផ្លាញអស់ជាង៤ហិកតា។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់អង្គភាព ព័ត៌មាន Fresh News នៅយប់ថ្ងៃនេះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងនគរបាលរបស់លោក បានប្រើប្រាស់ឡានទឹកចំនួន៥គ្រឿង មកពីបណ្តាស្រុកជុំវិញទាំង៥ ដោយមានលទ្ធភាពគ្រប់គ្រងទាន់ពេលវេលា ភ្លើងមិនអាចរីករាលដាលដល់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅជាប់ទីតាំងចំការនោះឡើយ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ មិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យគ្រោះអគ្គិភ័យនេះនៅឡើយទេ ដោយរង់ចាំការស្រាវជ្រាវ និងសួរនាំបន្តទៀត តែលោកស្នងការក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នអំពីអគ្គិភ័យ ចំពោះរដូវកាលនេះ៕