(កណ្តាល)៖ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលលោក ហេង ចាន់ធួន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យទីតាំងបាក់ស្រុតច្រាំងទន្លេមួយ កន្លែងអាចបង្កឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ៩ខ្នង ស្ថិតនៅក្នុងឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
នៅពេលចុះពិនិត្យផ្ទាល់នោះ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការបាក់ស្រុតនេះមិនមែនមកពីបូមខ្សាច់នោះទេ គឺអាចបណ្តាលមកពីសំណឹក នៃខ្សែទឹកហូរបុកចំ និងបណ្តាលមកពីជម្រាបទឹកក្រោមដី ព្រោះនៅទីនោះពិនិត្យរកឃើញ មានអាងស្តុកទឹកមួយកន្លែង កំពុងជ្រាបធ្លាក់ មកជាបន្តបន្ទាប់ ដែលអាចធ្វើឲ្យដីទន់ជ្រាយធ្លាក់ចុះ បង្កឲ្យមានបាក់ច្រាំងកើតឡើងបែបនេះក៏ថាបាន។
លោក ហេង ចាន់ធួន ក្រោយពីនិត្យរួចបាន ពន្យល់ដល់អ្នកយកព័ត៌មានពីការបាក់ស្រុតច្រាំងទន្លេនោះទៀតថា «ការបាក់ស្រុតច្រាំងទន្លេនេះ មិនមកពីការដ្ឋានបូមខ្សាច់នោះទេ គឺអាចកើតឡើងដោយសារសំណឹកខ្សែទឹកហូរបុកច្រាំង ព្រោះបាតទន្លេមានសភាពគោករ៉ាក់ ចំណែកអែបច្រាំងមានជម្រៅជ្រៅ ជាងបាតទន្លេ ដោយផ្នែកខាងកើត ជម្រៅជាង៤ម៉ែត្រ និងខាងលិចជម្រៅជាង៣ម៉ែត្រ រីឯបាតទន្លេមានជម្រៅមិនដល់៣ម៉ែត្រផង។ ទើបធ្វើឲ្យខ្សែទឹកហូរបុកតែខាងៗ ទើបបណ្តាលឲ្យបាក់ស្រុតច្រាំងទន្លេបែបនេះ»។
លោកបន្តថា សម្រាប់នៅតំបន់នេះ ការដ្ឋានបូមខ្សាច់មួយ ត្រូវបានក្រសួងបញ្ឍប់សកម្មភាពបូមតាំងពីឆ្នាំ២០១៥មកម្ល៉េះ រហូតឆ្នាំ២០១៨ ទើបបូមបាន១ថ្ងៃស្មើ និង៣សាឡង់តែប៉ុណ្ណោះ។
ក្រោយពីចុះពិនិត្យនៅទីតាំងនេះរួច លោករកឃើញទីតាំងផលិតទឹកដោះគោនៅក្បែរនោះ ធ្វើអាងស្តុកទឹកមួយជ្រាបទឹកហូរចុះមក ធ្វើឲ្យដីជ្រាយដាច់ធ្លាក់ទើបអាចបង្កឲ្យកើតមានបាក់ច្រាំងបែបនេះផងដែរ ហើយម្យ៉ាងវិញទៀតទីនោះ មានពលរដ្ឋយកសំរាមទៅបោះចោលគរច្រើនផងដែរ ធ្វើឲ្យដីសើមជាប់ នេះក៏ជាកត្តាបង្កឲ្យបាក់ស្រុតផងដែរ។
ប៉ុន្តែទោះបីយ៉ាងណា លោកបានតម្រូវឲ្យក្រុមហ៊ុនបូមខ្សាច់ មកបូមចាក់បំពេញនៅចំណុចបាក់ស្រុតនោះ ដើម្បីទប់ស្កាត់កុំឲ្យបន្តបាក់ស្រុតទៅទៀត និងបានជម្រុញឲ្យក្រុមហ៊ុនសម្រុកបូមខ្សាច់ យកទៅចាក់លុបបំពេញនៅទីនោះឲ្យបានលឿន ហើយនៅថ្ងៃចន្ទ និងអង្គារ៍ លោកនឹងចុះពិនិត្យសិក្សាឲ្យសព្វជ្រុងជ្រោយ ដើម្បីស្វែងរកមូលហេតុ នៃការបាក់ស្រុតឲ្យច្បាស់ លាស់ដើម្បីងាយស្រួលទប់ស្កាត់ និងរកដំណោះស្រាយជូនពលរដ្ឋ៕