(សៀមរាប)៖ ផ្សារ និងសួនកំសាន្ដ បកស៌វីល (BoxVille-Market) នាក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ ដែលមានទីតាំងនៅជាប់ និងភូមិវប្បធម៌កម្ពុជា តាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានចាប់ដំណើរការលក់ដូរ និងតាំងពិព័ណ៌ហើយ។

ផ្សារទំនើប បកស៌វីល គឺជាផ្សារដែលត្រូវបានវិនីយោគ និងសាងសង់ថ្មី មានទីតាំងនៅលើផ្ទៃដីធំទូលាយ និងមានទំនិញជាច្រើនមុខ/ច្រើនប្រភេទ រួមនិងសួនកំសាន្ដ សម្រាប់បម្រើជូនតាមតម្រូវការរបស់អតិថិជន។ ក្នុងគោលបំណងដើម្បីរួមចំណែក ក្នុងការលើកកម្ពស់សេវាកម្ម ខាងវិស័យទេសចរណ៍របស់កម្ពុជា តាមរយៈការចូលរួមទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យមកទស្សនាកំសាន្ដនៅខេត្តសៀមរាប កាន់តែច្រើនបន្ថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។

លោក ជឿន វិចិត្រ ប្រធានចាត់ការទូទៅនៃផ្សារ និងសួនកំសាន្ដ បកស៌វីល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា វត្តមានផ្សារ និងសួនកំសាន្ដនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សេវាកម្មខាងវិស័យទេសចរណ៍របស់កម្ពុជា តាមរយៈការចូលរួមទាក់ទាញនូវកំណើនភ្ញៀវទេសចរ ឲ្យមកទស្សនាកំសាន្ដនៅខេត្តសៀមរាប កាន់តែច្រើនបន្ថែមទៀត និងស្របតាមគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព។

លោកបន្ដឲ្យដឹងថា «ផ្សារ និងសួនកំសាន្ដយើងខ្ញុំ នឹងបន្ដខំប្រឹងប្រែង ក្នុងការអភិវឌ្ឍន៍នូវសេវាកម្មបម្រើជូនភ្ញៀវជាតិ-អន្តរជាតិ និងគ្រប់អតិថិជន ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ម្យ៉ាងបច្ចុប្បន្នក្រោយពីភ្ញៀវទេសចរ បានទៅទស្សនាតំបន់រមណីយដ្ឋានអង្គរ និងរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ក៏ដូចជាទីប្រជុំជន និងទីកន្លែងនានានៅសៀមរាប គឺភ្ញៀវមានផ្សារ/សួនកំសានល្អ ស្អាតបន្ថែមទៀតក្នុងការដើរកំសាន្ដ និងទិញនូវមុខទំនិញ/សម្ភារៈប្រើប្រាស ម្ហូបអាហារដែលពួកគាត់ត្រូវការ នាពេលរាត្រីផងដែរ»។

លោកបានគូសបញ្ជាក់ថា ផ្សារ និងជាមណ្ឌលកំសាន្ដ បកស៌វីល គឺសាងសង់/រៀបចំក្នុងលក្ខណៈបច្ចេកទេសទំនើប និងស៊ីវិល័យ ប្រកបដោយបរិស្ថាន ផាសុខភាពខ្ពស់ និងជាទីតាំងលក់ដូរនូវទំនិញ/សម្ភារៈ សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ជាច្រើនមុខ/ច្រើនប្រភេទ មានហាងម្ហូបអាហារ ភេសជ្ជៈ បន្លែ/ផ្លែឈើ។ល។ ដែលឥឡូវនេះមានតូចសរុបជាង ៦០០តូប ដែលបែងចែកជា ៧តំបន់ផ្សេងៗគ្នា ដូចជា៖

១៖តំបន់ខុនថែនណឺរស៍ (Containers) ជាតំបន់ដែលមានលក់នូវម្ហូបអាហារ និងភេសជ្ជៈ។
២៖ តំបន់តង់កៅស៊ូ ជាតំបន់លក់ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់។
៣៖ តំនប់នៅក្រោមអាគារ គឺជាតំបន់ដែលមានលក់នូវវត្ថុអនុស្សាវរីយ៍។
៤៖ តំបន់នៅខាងក្រោយអាគារ គឺជាតំបន់សហគ្រាសធន់តូចនិងមធ្យម (SME/Small and Medium-Sized Enterprises) ដែលបងប្អូនអាជីករ អាចលក់ជាអាហារក៏បាន លក់វត្ថុអនុស្សាវរីយ៍ក៏បាន ម៉ាស្សាក៏បាន កន្លែងតៀមស្រា/ប៊ីយ៉ែ/គ្រឿងក្លែមក៏បាន, ហើយក៏មានតំបន់ហាងលក់កាហ្វេធំៗ។
៥៖ នៅតំបន់ជាន់លើអាគារ គឺជាកន្លែងលក់ម្ហូបអាហារ ដែលតម្រូវឲ្យប្រើប័ណ្ណសម្រាប់ចាយ (Coupons)។
៦៖ ជាតំបន់សម្រាប់ក្មេងលេងកំសាន្ដ ដោយមានសម្ភារៈយ៉ាងសម្បូរបែបផងដែរ៕