(ភ្នំពេញ)៖ គតិបណ្ឌិតមួយ ទទួលបានភាពល្បីល្បាញពាសពេញពិភពលោកទៅបាន ល្កឹកណាតែគតិបណ្ឌិតនោះត្រឹមត្រូវនឹងស្ថានភាពសង្គមជាក់ស្ដែង និងផ្ដល់ភាពជោគជ័យក្នុងផ្លូវត្រឹមត្រូវដល់មនុស្ស និងធម្មជាតិ ហើយការនឹកឃើញនូវគតិបណ្ឌិតទាំងនោះ ក៏ជាប្រទីបបំភ្លឺដាស់មនុស្សឲ្យភ្ញាក់ពីភាពល្ងង់ខ្លៅ ពីភាពខ្ជិលច្រអូស ពីភាពមន្ទិលនានា តួយ៉ាងដូចទស្សនវិជ្ជាមួយឃ្លាថា «ផ្លូវទៅកាន់ភាពជោគជ័យ គ្មានទេដានជើងមនុស្សខ្ជិល» ក៏ជារនាំងរារាំងមនុស្សកុំឲ្យសេពគប់ជាមួយភាពខ្ជិលច្រអូសផងដែរ។
គតិបណ្ឌិតមិនមែននៅឆ្ងាយពីមនុស្សនោះឡើយ ពោលវាកំពុងតែនៅវិលវល់ជុំវិញសង្គមមនុស្សនេះឯង គ្រាន់តែវាជារបស់អរូបីយ មនុស្សមិនអាចមើលឃើញឲ្យភ្នែកទទេបាន។ ដើម្បីបើកវាំងននអរូបីយទាំងនោះ អង្គភាពព័ត៌មាន Fresh News បានខិតខំស្រាវជ្រាវរកសៀវភៅល្អៗជាច្រើនក្បាល ដែលបរិយារៀបរាប់ពីទស្សនវិជ្ជារបស់ទស្សនវិទូ និងបុគ្គលល្បីៗនៅលើពិភពលោក មកបង្ហាញស្រាយមន្ទិលរបស់មិត្តអ្នកអាន ដែលនិយមចូលចិត្តវិស័យទស្សនវិជ្ជា ដោយក្នុងនោះយើងខ្ញុំសូមលើកយកនូវគតិបណ្ឌិតចំនួន១០ ដែលដាស់មនុស្សឲ្យទៅរកពិភពជោគជ័យបាន។
១៖ «មនុស្សជាប្រភេទសត្វលោក ដែលកើតមកសម្រាប់សម្រេចគោលដៅ» នេះជាគតិបណ្ឌិតមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ វាត្រូវបាននិយាយដោយទស្សនវិទូក្រិចបុរាណ លោក អារីស្តូត (៣៨៤-៣២២ មុនគ.ស)។
២៖ «បើជ្រុលជាអ្នកគិតហើយ ចូរគិតឲ្យធំ» នេះជាវាចារមាសចេញពីសេតវិមានរបស់ប្រធានាធិបតីទី៤៥ របស់មហាអំណាចសហរដ្ឋអាមេរិក និងជាមហាសេដ្ឋីអចលនទ្រព្យ គឺលោក ដូណាល់ ត្រាំ (១៩៤៦-បច្ចុប្បន្ន)។
៣៖ «បើមិនអាចលេបថ្មលេបគ្រោះបាន តើធ្វើម្ដេចអាចលេបមាសលេបពេជ្របានទៅ»។ នេះជាគតិបណ្ឌិតរបស់អ្នកប្រាជ្ញចិន ហើយកំពុងពេញនិយមក្នុងអង្គភាពព័ត៌មានដ៏ល្បីមួយកម្ពុជា។
៤៖ «ចូរកុំដើរចេញឆ្ងាយពីភាពបរាជ័យ តែត្រូវប្រឈមមុខជាមួយបរាជ័យ ហើយត្រូវរៀនសូត្រពីវាដោយប្រុងប្រយ័ត្ន និងត្រូវគិតថា វាមានទ្រព្យសម្បត្តិដ៏មហាសាលលាក់នៅក្នុងនោះ»។ នេះជាទស្សនរបស់លោក ម៉ៃឃើល កូដា (Michael Korda) អ្នកនិពន្ធជនជាតិអង់គ្លេស (១៩៣៣-បច្ចុប្បន្ន)។
៥៖ «ដើម្បីបំបាត់ភាពខ្ជិលច្រអូសបាន យើងត្រូវតែរៀនសូត្រជាមុនជាមួយនឹងភាពឧស្សាហ៍ព្យាយាម»។ នេះជាទស្សនរបស់លោក សាមូអែល ចនសាន់ (Samuel Jonhsom) កវីនិពន្ធជនជាតិអង់គ្លេស (១៧០៩-១៧៨៤)។
៦៖ «សត្រូវទី១ដែលរារាំងអ្នកទៅកាន់ភាពជោគជ័យ គឺភាពខ្ជិល» ជាទស្សនរបស់អ្នកប្រាជ្ញចិន ដែលជាពាក្យស្លោកតាមដាស់បុគ្គលិកក្នុងអង្គភាពព័ត៌មានដ៏ល្បីនៅកម្ពុជាផងដែរ។
៧៖ «បរាជ័យ ជាថ្លៃសិក្សាដែលអ្នកត្រូវចំណាយដើម្បីជោគជ័យ»។ ជាគតិបណ្ឌិតរបស់លោក វ៉លធើ ព្រូណែល (Walter Brunell)។
៨៖ «រឿងដែលមិនគួរធ្វើនោះ គឺដាក់ដំណោះស្រាយចំពោះមុខតិចពេក»។ លោក ថូម៉ាស មើតុន (Thomas Merton) បុព្វជិតនិពន្ធសាសនាកាតាលិក (១៩១៥-១៩៦៨) បានលើកឡើងយ៉ាងដូច្នេះ។
៩៖ «ទោះបីជាអ្នកស្ថិតនៅលើគន្លងមួយត្រឹមត្រូវក៏ដោយ អ្នកនឹងចេញផុតពីទីនោះ ប្រសិនបើអ្នកមិនផ្លាស់ប្ដូរកន្លែងអង្គុយ»។ នេះជាគតិបណ្ឌិតរបស់លោក វីល រ៉ចជ័រ (Will Rogers) តារាកំប្លែងអាមេរិក (១៨៧៩-១៩៣៥)។
១០៖ អតីតនាយករដ្ឋមន្ត្រីម្នាក់របស់ចក្រភពអង់គ្លេស លោក វីនស្តុន ឆឺតឈីល (Winston Churchill) ១៨៧៤-១៩៦៥ បានបញ្ចេញទស្សនជាច្រើនឃ្លា តែក្នុងឃ្លាមួយនោះលោកបានលើកឡើងថា «បុគ្គលទុទ្ទិដ្ឋិនិយម មើលឃើញភាពលំបាកនៅគ្រប់ឱកាស តែសម្រាប់បុគ្គលសុទិដ្ឋិនិយម មើលឃើញឱកាសនៅគ្រប់ភាពលំបាក»។
ប្រិយមិត្តជាទីមេត្រី! នៅសប្ដាហ៍ក្រោយៗ អង្គភាពព័ត៌មាន Fresh News នឹងខិតខំស្រាវជ្រាវ និងលើកយកនូវទស្សនវិជ្ជា ក៏ដូចជាគតិបណ្ឌិតល្អៗ មកបង្ហាញជូនប្រិយមិត្តបានពិចារណាស្វែងយល់ជាបន្តបន្ទាប់ទៀត៕