(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បាននាំយកនូវសៀវភៅកម្រង ឯកសារពីវត្ថុបុរាណ សិល្បៈខ្មែរដ៏កម្រដែលទទួលបានពីសារមន្ទីរហ្គីមេ (GUIMET) នៃសាធារណរដ្ឋបារាំង ត្រូវបានប្រគល់ជូនដល់នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ នៅសារមន្ទីរអភិរក្សដ្ឋានអង្គរខេត្តសៀមរាប។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សៀវភៅកម្រងឯកសារមួយក្បាលនេះ មានសារសំខាន់ នៃសម្បត្តិវប្បធម៌បុរាណខ្មែរដែលបានបាត់បង់ នាសម័យដើម ដោយសាសង្គ្រាមរាំងជុលការជីកកកាយរបស់ក្រុមទុច្ចរិក ឬដោយគ្រោះធម្មជាតិ ហើយត្រូវបានសារមន្ទីរហ្គីមេ (GUIMET) នៃសាធារណរដ្ឋបារាំង បានធ្វើការចងក្រងទុកជាឯកសារ ក្នុងសិក្សាស្រាវជ្រាវ និងស្វែងរកនូវវត្ថុបុរាណ ដែលបានបាត់បង់ទាំងនោះ ដែលជាសម្បត្តិរបស់មនុស្សជាតិ ដែលបានបាត់បង់ពីប្រាង្គប្រាសាទនានានៅកម្ពុជា នាសម័យនោះក៏ដូចបច្ចុប្បន្ននេះផងដែរ។
សម្ដេច ទៀ បាញ់ ក៏បានបន្តទៀតថា សៀវភៅឯកសារនេះ គឺបានបង្ហាញអំពីវប្បធម៌សិល្បៈខ្មែរ ប្រពៃណីដែលខ្មែរបានគោរពប្រតិបត្តិ ដែលមានជាយូលុងមកហើយ ម៉្យាងទៀតសៀវភៅនេះ ក៏ជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមជំនាញអភិរក្សដ្ឋានអង្គរ ធ្វើការសិក្សាស្រាវជ្រាវ ក្នុងការថែរក្សាអភិរក្ស នូវរូបចន្លាកទាំងឡាយ ដែលបានខូចបាក់បែកដើម្បីធ្វើការជួសជុល និងអភិរក្សឡើងវិញនូវរាល់វត្ថុទាំងឡាយ ដែលបានបាត់បង់ទៅធ្វើឲ្យមានឡើងវិញ នូវរាល់រូបសំណាកទាំងនោះ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ បានស្គាល់អំពីសម្បត្តិវប្បធម៌ជាតិ ព្រមទាំងធ្វើការជួសជុល និងព្យាបាលរាល់រូបសំណាក ដែលមានជំងឺពុកផុយ ក្នុងការរក្សាឲ្យបានគង់វង្សផងដែរ។
ថ្នាក់ដឹកនាំរូបនេះ ក៏បានផ្តាំផ្ញើដល់លោកប្រធាននាយកដ្ឋាន សូមឲ្យយកកម្រងឯកសារនេះទៅធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាលដល់មន្ត្រីក្រោមឱវាទ ក៏ដូចនៅតាមសាលារៀន សាកលវិទ្យាល័យ និងប្រជាពលរដ្ឋឲ្យបានស្គាល់បានយល់អំពីតម្លៃ នៃសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរក្នុងការទប់ស្កាត់ ការហូរចូលពីវប្បធម៌ ប្រពៃណីបរទេសផងដែរ។
ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការបូជាទៀន ធូក ចំពោះព្រះបដិមាករដ៏ស័ក្តិសិទ្ធិ បារមីព្រះអង្គគោកធ្លក តាដំបងដែក រួមទាំងបារមីដ៏ខ្លាំងពូកែ នៅថែរក្សាលើទឹកដីប្រវត្តិសាស្ត្រអង្គរ តាមជួយបីបាច់ថែរក្សាការពារថ្នាក់ដឹកនាំជាតិគ្រប់លំដាប់ថ្នាក់ និងប្រជានុរាស្ត្រខ្មែរទូទាំងកម្ពុជា សំខាន់ប្រជាពលរដ្ឋខេត្តសៀមរាប ជួបតែសេចក្តីសុខក្រោមដំបូលសុខសន្តិភាពតែមួយ ឲ្យស្ថិតស្ថេរគង់វង្សទៅអនាគត ក្នុងការដឹកនាំនាវាកម្ពុជា ឲ្យមានការអភិវឌ្ឍន៍ដូចបណ្តាប្រទេសជឿនលឿននៅលើសកលលោកផងដែរ។
តាមការបញ្ជាក់របស់លោក គឹម សុធិន ប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានឲ្យដឹងថា រូបចន្លាក់ និងបដិមាករបុរាណទាំងនេះ ត្រូវបានប្រមូលយកមកពីបណ្តាប្រាសាទ និងទីវត្តអារាមមួយចំនួន រួមទាំងកម្លាំងសមត្ថកិច្ចបានពីក្រុមជនទុច្ចរិក យកមករក្សាទុកនូវសារមន្ទីរ អភិរក្សដ្ឋានអង្គរនេះ។ លោកក៏បានបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៣៦ ដល់១៩៤៣ នាសម័យអាណានិគមបារាំង សារមន្ទីរមាននៅមុខប្រាសាទអង្គរវត្ត តែក្រោយមកទើបមកសាងសង់នៅក្នុងភូមិទ្រាំង រហូតមកដល់បច្ចុប្បន្ននេះ។
លោកបានបន្តទៀតថា ការទទួលសៀវភៅកម្រងឯកសារនេះ គឺជាសារៈសំខាន់មន្ត្រីអភិរក្ស ក្នុងការសិក្សា ស្រាវជ្រាវ និងអភិរក្សឡើងវិញនូវរាល់វត្ថុបុរាណខ្មែរបានបាត់បង់ទៅ ដើមី្បបង្ហាញដល់កូនខ្មែរជំនាន់ក្រោយឲ្យបានស្គាល់ បានយល់អំពីសម្បត្តិ វប្បធម៌ ប្រពៃណីជាតិខ្លួន ដែលមានជាច្រើនតំណតរៀងមក ព្រមទាំងរួមគ្នាថែរក្សាការពារ អភិរក្សនូវសម្បត្តិវប្បធម៌ជាតិ ក៏ដូចជាសម្បត្តិរបស់មនុស្សជាតិ លើពិភពលោកផងដែរ៕