Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅទូទាំងរាជធានីភ្នំពេញ ត្រូវបានធានាសន្ដិសុខយ៉ាងល្អប្រសើរ១០០ភាគរយ

25-02-2018 16:15

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងបញ្ជាក់ថា សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានធានាសន្ដិសុខល្អប្រសើរ១០០ភាគរយ ពុំមានបញ្ហាអ្វីកើតឡើងនោះទេ។

ការលើកឡើងបែបនេះ បានធ្វើឡើង នៅចំពោះព្រះភ័ក្រ្ត សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ពេលយាងបំពេញបេសកកម្ម ជួបជាមួយអភិបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មការរៀបចំបោះឆ្នោតរាជធានី ដើម្បីស្វែងយល់ និងពិនិត្យស្ថានការ នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា អភិបាលរាជធានីភ្នំពេញ បានថ្វាយជូនសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្សថា «ដំណើរការ នៃកិច្ចការបោះឆ្នោត គឺប្រព្រឹត្តទៅដោយរលូន និងមិនមានសភាពការណ៍អ្វីកើតឡើង ដែលខុស ប្រក្រតីនោះទេ។ កិច្ចការពារសន្ដិសុខសុវត្ថិភាព ក៏ដូចជា សភាពការណ៍ នៃការរក្សាសន្ដិសុខ គឺត្រូវបានធានា១០០ភាគរយ ធានាបានគ្រប់បែបយ៉ាង មិនមានអ្វីកើតឡើងតាំងពីព្រឹក នៃការចាប់ផ្ដើមការបោះឆ្នោត រហូតមកដល់កិច្ចប្រជុំ នៅម៉ោងប្រមាណជាង៣រសៀលនេះ»។

លោកអភិបាលរាជធានីភ្នំពេញ បានបន្តលើកឡើងថា «តាមនីតិវិធី នៃកិច្ចការបោះឆ្នោត គឺចប់ម៉ោង៣នេះ គឺគ្រប់ការិយាល័យរបស់យើងទាំងពីរ ការិយាល័យ១០០១ និងការិយាល័យ១០០២ ត្រូវបានបិទ ដើម្បីបន្ដនីតិវិធី របស់គណៈកម្មាធិការជាតិរៀបចំកាបោះឆ្នោត រៀបចំនីតិវិធីក្នុងការបិទ និងរៀបចំសន្លឹកឆ្នោត»។

សូមបញ្ជាក់ផងដែរថា នៅក្នុងរាធានីភ្នំពេញ មានការិយាល័យបោះឆ្នោតចំនួន២ គឺការិយាល័យ១០០១ និង១០០២ ដែលស្ថិតនៅក្នុងវិទ្យាល័យ ប៊ុន រានី ហ៊ុន សែន វត្ដភ្នំ។

ការិយាល័យទាំងពីរនេះ ត្រូវបានរៀបចំ និងធានាបាននូវបញ្ហាសន្ដិសុខ សុវត្ថិភាព យ៉ាងល្អប្រសើរ ជួយដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ រាជធានីភ្នំពេញ ក៏ដូចជាតំណាងរាស្ដ្រ ដែលមានកាតព្វកិច្ច ក្នុងការចូលរួមបោះឆ្នោត នៅក្នុងថ្ងៃនេះ៕