(ភ្នំពេញ)៖ លទ្ធផលបឋមបណ្ដោះអាសន្ន អំពីការបែងចែកអាសនៈ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងត្រូវប្រកាសជាផ្លូវការ នៅវេលាម៉ោង៧យប់ថ្ងៃអាទិត្យនេះ, នេះបើតាមលោក ឌុច សុន សមាជិក គ.ជ.ប បានប្រកាសឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងសន្និសីទបង្ហាញពីដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
លោក ឌុច សុន បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់លទ្ធផលបឋមបណ្ដោះអាសន្ន យើងអាចនឹងត្រូវប្រកាសនៅម៉ោងប្រមាណ៦ ឬ៧យប់នេះ»។
សូមជម្រាបថា អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ ធ្លាប់បានអះអាងថា អង្គបោះឆ្នោតបានចូលរួមបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាយ៉ាងសស្រាក់សស្រាំ ដែលក្នុងនោះអ្នកខ្លះ បានមកចូលរួមតាំងពីព្រលឹមស្រាងៗម្ល៉េះ។
សម្រាប់ស្ថានភាព និងបរិយាកាសទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ ត្រូវបានលោក ឌឹម សុវណ្ណរុំ អះអាងថា មានសភាពស្ងប់ស្ងាត់ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ បានល្អប្រសើរ ហើយក៏គ្មានបាតុភាពណាមួយកើតឡើង រំខានដល់ដំណើរការបោះឆ្នោតនោះឡើយ៕