(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រួមនឹងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ឃុន ឈី ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ។
សូមជម្រាបថា លោក ឃុន ឈី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព នៅម៉ោង១២៖៥០នាទី នាថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០១៨ ដោយជរាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ។
សពរបស់លោក ឃុន ឈី កំពុងត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមព្រះពុទ្ធសាសនា នៅផ្ទះលេខ TJ 34 ផ្លូវសាកូរ៉ា បុរីអរគីដេ ផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
លោក ឃុន ឈី ជាអតីតអ្នកតស៊ូ តាំងពីឆ្នាំ១៩៥០មក ហើយលោកជាអតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាផងដែរ៕