(ភ្នំពេញ)៖ អ្នកនាង ឌី លីណា ដែលត្រូវបានទស្សនិកជនស្គាល់ថា គឺជាតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ តាំងពីទសវត្សរ៍ទី ២០០០ មកម្ល៉េះ ដោយតារារូបនេះ មិនត្រឹមតែមានសមត្ថភាព និងទេពកោសល្យខាងវិស័យសិល្បៈនោះទេ ថែមទាំងមានកិរិយាមាយាទ ធ្វើឲ្យអ្នកជុំវិញខ្លួនគោរព កោតសរសើរទៀតផង។ យ៉ាងណាមិញ បន្ទាប់ពីបាត់មុខមួយរយៈធំ ពីពិភពសិល្បៈ និងទើបតែចូលខ្លួនមកវិញ អ្នកនាង ឌី លីណា នៅតែមានផលិតករនានាត្រូវការ និងមានទស្សនិកជនគាំទ្រដដែល។

ផ្ទុយទៅវិញ ថ្មីៗនេះ ស្រាប់តែលេចឮថា អ្នកនាង ឌី លីណា បម្រុងនឹងផ្អាកពីសិល្បៈម្តងទៀត ដោយសារតែមានគម្រោងទៅរស់នៅសហរដ្ឋអាមេរិក ជាមួយនឹងគ្រួសារ។ ពាក់ព័ន្ធនឹងរឿងនេះ តារាសម្តែងសម្រស់បាន ប្រៀបដូចបុប្ផាត្រូវទឹកសន្សើម អ្នកនាង ឌី លីណា បានថ្លែងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ប្រាប់ឲ្យដឹងថា អ្នកនាងបានចូលខ្លួន ក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ដោយក្នុងនោះ អាជីពសិល្បៈ ដែលអ្នកនាងធ្វើបានកាក់កបមានតែ MC តែប៉ុណ្ណោះ ប៉ុន្តែមិនសូវ ជាបានសម្តែងញឹកញាប់ទេ រហូតមកដល់ឆ្នាំ ២០០០ ទើបសម្តែងបានមួយៗ។

ជាមួយគ្នានេះ អ្នកនាងបានផ្អាកពីសិល្បៈមួយរយៈធំ ដោយសាររវល់នឹងមុខជំនួយ ព្រមតាំងត្រូវបំពេញតួនាទី ជាម្តាយ និងភរិយាទៀតផង ព្រោះអ្នកនាងបានរៀបការជាមួយនឹងស្វាមី ជាអនិកជនខ្មែរ-អាមេរិក តាំងពីអាយុ១៨ឆ្នាំមកម្ល៉េះ ខណៈបច្ចុប្បន្ន អ្នកនាងមានបុត្រចំនួនពីរនាក់ ប្រុសម្នាក់ និងស្រីម្នាក់។

តារាស្រីមុខមានមន្តស្នេហ៍ អ្នកនាង ឌី លីណា បានថ្លែងបន្តថា «ចាប់តាំងពីនាងបានចូលខ្លួន ក្នុងវិស័យសិល្បៈសារជាថ្មី ក្នុងឆ្នាំ ២០១៦ ដែលគិតមកដល់ពេលនេះ មានប្រមាណជាង២ឆ្នាំ មកនេះ ខ្សែភាពយន្ត ដែលអ្នកនាងបានសម្តែង មានរហូតដល់ទៅជាង១០រឿង ឯណោះ ខណៈការសម្តែងនេះ ប្រៀបដូចជាកាដូចុងក្រោយនៃការអ៊ីចឹង ព្រោះអ្នកនាង នឹងមានគម្រោងផ្អាកពីសិល្បៈម្តងទៀត ដើម្បីទៅរស់នៅសហរដ្ឋអាមេរិក ជាមួយនឹងកូនៗព្រមទាំងស្វាមី ខណៈការវិលទៅលើនេះ អ្នកនាងមិនបានបញ្ជាក់នោះទេថា ទៅរយៈពេលប៉ុន្មានឆ្នាំ គឺគ្រាន់តែបញ្ជាក់ថា ទៅរហូតទល់តែបានសញ្ជាតិ»។

អ្វីដែលពិសេសនោះ អ្នកនាង ឌី លីណា ជាមួយនឹងស្វាមីមានឋានៈជាឧកញ៉ា ដែលមានឈ្មោះថា ម៉ី រដ្ឋា កំពុងតែមានភាពមមាញឹក នឹងអាជីវកម្មផ្ទាល់ខ្លួន ដែលនាងនិងស្វាមី បានដាក់ហ៊ុនជាមួយគ្នា នឹងមិត្តភក្តិនៅបរទេស ក្នុងការបង្កើតធានាគារវិនិយោគមួយ នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា អ្នកនាង ឌី លីណា សព្វថ្ងៃនេះ កំពុងតែរស់នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានថតខ្សែភាពយន្តបាន៦រឿង ចប់ហើយនោះ ពេលនេះមានរឿងពីររឿង កំពុងថតជាបណ្តើរៗ ខណៈក្រៅពីការងារសិល្បៈ អ្នកនាងក៏ជាអ្នកលក់ផលិតផលតាមអនឡាញដូចជា ម្សៅ ឡេ និងគ្រឿងក្រអូបជាច្រើន និងបើកធនាគារវិនិយោគមួយ ផងដែរ៕