(ស្ទឹងត្រែង)៖ លោក ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង នៅព្រឹកថ្ងៃអាទិត្យ១១ កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ រួចហើយ​នៅការិយាល័យ៨០០៤ ក្នុងវិទ្យាល័យព្រះរាជបូជនីយកិច្ច ​ក្រុងស្ទឹងត្រែង នៃមណ្ឌលភូមិភាគ៨។

ដោយឡែក អង្គបោះឆ្នោតទាំង​១៧៧រូប ក្នុងខេត្តស្ទឹងត្រែង ក៏បានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅមណ្ឌល៨ ការិយាល័យ៨០០៤ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ច ​ក្រុងស្ទឹងត្រែង​នេះផងដែរ។​

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

ព្រឹទ្ធសភានីតិកាលទី៤នេះ មានសមាជិកសរុបចំនួន៦២រូប ដែលចំនួននេះ ស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភានីតិកាលទី៦ ដែលមានសមាជិកសរុបចំនួន១២៥រូប ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន ហើយក្រៅពីនេះ ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីបោះឆ្នោតជាសម្ងាត់។

ចំពោះអាសនៈព្រឹទ្ធសភា ដែលត្រូវបោះឆ្នោត ត្រូវបានបែងចែកតាមភូមិភាគរួមមានភូមិភាគ១ រាជធានីភ្នំពេញមាន៦អាសនៈ, ភូមិភាគ២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំមាន៨អាសនៈ, ភូមិភាគ៣ ខេត្តកណ្តាលមាន៥អាសនៈ, ភូមិភាគ៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិនមាន១០អាសនៈ, ភូមិភាគ៥ ខេត្តតាកែវ កំពត និងខេត្តកែបមាន ៧អាសនៈ, ភូមិភាគ៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ, ភូមិភាគ៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុមាន ៩អាសនៈ, ភូមិភាគ៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងខេត្តមណ្ឌលគីរីមាន៦អាសនៈ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានអ្នកបោះឆ្នោតចំនួន១១,៦៩៥នាក់ ក្នុងនោះមានអ្នកតំណាងរាស្ត្រចំនួន១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ចំនួន ១១,៥៧២នាក់។ កម្ពុជាមាន២៥រាជធានី/ខេត្ត មានឃុំ/សង្កាត់សរុបចំនួន ១៦៤៦ ឃុំ/សង្កាត់ និងមានការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចំនួន៣៣ការិយាល័យ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២១០៨នេះ បានដំណើរការព្រមៗគ្នា ចាប់ពីម៉ោង៧ព្រឹក ទៅរហូតដល់ម៉ោង៣រសៀល៕