(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នឹងធ្វើសន្និសីទកាសែត បង្ហាញពីដំណើរការ នៃការបោះឆ្នោត​ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤​ ហើយនឹងឈានទៅដល់ ការប្រកាសលទ្ធផលបឋមបណ្ដោះអាសន្ន នៃការបោះឆ្នោតនេះផងដែរ។

លោក ឌឹម សុវណ្ណារុំ បានអះអាងថា ការបោះឆ្នោតនៅទូទាំងប្រទេសអាចនឹងបញ្ចប់មុនម៉ោងកំណត់ គឺម៉ោង៣រសៀល តែទោះបីជាយ៉ាងការិយាល័យ នៅតែបន្តបើកទ្វាររហូតដល់ម៉ោង៣ ដើម្បីផ្តល់ឱកាសឲ្យអង្គបោះឆ្នោតចូលរួមបោះឆ្នោតគ្រប់ៗគ្នា។

អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានសង្កេតឃើញថា អង្គបោះឆ្នោតបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាយ៉ាងសស្រាក់សស្រាំ ដែលក្នុងនោះអ្នកខ្លះបានមកចូលរួមតាំងពីព្រលឹមស្រាងៗម្ល៉េះ។

សម្រាប់ស្ថានភាព និងបរិយាកាសទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ ត្រូវបានលោក ឌឹម សុវណ្ណរុំ អះអាងថា មានសភាពស្ងប់ស្ងាត់ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ហើយក៏គ្មានបាតុភាពណាមួយកើតឡើង រំខានដល់ដំណើរការបោះឆ្នោតនោះឡើយ។