(មណ្ឌលគិរី)៖ សួនឧទ្យានសែនមនោរម្យ ដែលជាសួនធំមួយ លាតសន្ធឹងកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គឺជាការដូរថ្មីពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនជនរួមជាតិ ជាពិសេសប្រជាជននៅខេត្តមណ្ឌលគិរី នឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់នៅមុនរដូវវស្សាខាងមុខនេះ ដែលមានផ្ទៃដីសរុបជាង២០ហិកតា ទទឹង១០០ ទៅ២០០ម៉ែត្រ បណ្តោយ១,២០០ម៉ែត្រ។

ពាក់ព័ន្ធគម្រោងសាងសង់ សួនឧទ្យានយក្សដ៏ធំមួយនេះ ត្រូវចំណាយទំហំទឹកប្រាប់រាប់លានដុល្លារ ពោលចន្លោះពី៦លានដុល្លារ ទៅ៧លានដុល្លារ ក្នុងការស្ថាបនាគម្រោងមួយនេះ ក្នុងនាមរដ្ឋបាលសាលាខេត្តនេះ គឺរង់ចាំតែទទួល នៃការអភិវឌ្ឍន៍នេះតែប៉ុណ្ណោះ ព្រោះគម្រោងដ៏ធំបែបនេះ មានតែថ្នាក់លើទេ ដែលមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្ថាបនាទៅតាមប្លង់មេរបស់ខ្លួន។

ដោយឡែក ពាក់ព័ន្ធនឹងការផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយ សង់ស្ថានីយ៍ប្រេង នៅក្នុងទីតាំងសួនឧទ្យានសែនមនោរម្យ កណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានការរិះគន់ច្រើន ពីមហាជន និងបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន ដោយចោទប្រកាន់ថា អាជ្ញាធរខេត្ត រួមជាមួយអង្គភាពពាក់ព័ន្ធ បានឃុបឃិតគ្នាលក់ដីឲ្យក្រុមហ៊ុននោះ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ តាមរយៈបណ្ដាញព័ត៌មាន Fresh News រដ្ឋបាលខេត្តមណ្ឌលគិរី បានចេញមុនបកស្រាយ និងសូមធ្វើការច្រានចោលទាំងស្រុងចំពោះព័ត៌មាននេះ គឺវាមិនមែនជាការពិតនោះទេ។

មន្រ្តីសាលាខេត្តមណ្ឌលគិរី បានបញ្ជាក់ថា «តាមគំរោងប្លង់ជាផ្លូវការ ចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងពាក់ព័ន្ធ ព្រមទាំងគណៈកម្មការ បានធ្វើការសិក្សាប្លង់មេ យ៉ាងលំអិតបំផុតទើបចេញ ជារូបរាងនាពេលនេះ»។

មន្រ្តីសាលាខេត្តសុំធ្វើការបញ្ជាក់ជូនសាធារណៈជនទូទៅ ក៏ដូចជា បណ្តាញព័ត៌មានមួយចំនួនផងដែរ ដែលបានផ្សព្វផ្សាយថា អាជ្ញាធរខេត្តនេះ រួមទាំងអង្គភាពពាក់ព័ន្ធ បានឃុបឃិតគ្នា លក់ដីក្នុងទីតាំងសួនឧទ្យាន ឲ្យទៅក្រុមហ៊ុនឯកជន ដើម្បីសង់ស្ថានីយ៍ប្រេង រដ្ឋបាលសាលាខេត្តមណ្ឌលគិរី សូមធ្វើការច្រានចោលទាំងស្រុង ព័ត៌មាននេះមិនពិតនេះ៕