(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំ ក្ដុកក្ដួល និងសោកស្ដាយរកអ្វីមកប្រៀបផ្ទឹមពុំបាន ជូនចំពោះលោកស្រី ទេព ចាន់ទី បន្ទាប់ពីលោក ឃុន ឈី ដែលត្រូវជាទីប្រឹក្សាផ្ទាល់របស់សម្ដេច បានទទួលមរណភាព ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។
នៅក្នុងសាររំលែកទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ផ្ញើជូនលោកស្រី ទេព ចាន់ទី សម្ដេចបានថ្លែងថា «ការបាត់បង់លោក ឃុន ឈី គឺជាការបាត់បង់នូវមិត្តរួមអាវុធ តស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត»។
បើតាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលេចថា លោក ឃុន ឈី គឺជាថ្នាក់ដឹកនាំ និងជាសកម្មជនមួយរូប នៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកជួយកសាង សមិទ្ធផលសង្គមនានា ជួយលើកស្ទូយដល់ជីវភាពប្រជាជន នៅតាមមូលដ្ឋានបន្សល់ទុកនូវស្មាដៃជាច្រើន សម្រាប់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា លោក ឃុន ឈី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព នៅម៉ោង១២៖៥០នាទី នាថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០១៨ ដោយជរាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ។
សពរបស់លោក ឃុន ឈី កំពុងត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមព្រះពុទ្ធសាសនា នៅផ្ទះលេខ TJ 34 ផ្លូវសាកូរ៉ា បុរីអរគីដេ ផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
លោក ឃុន ឈី ជាអតីតអ្នកតស៊ូ តាំងពីឆ្នាំ១៩៥០មក ហើយលោកជាអតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដឹកជញ្ជូន និងប្រៃសណីយ៍ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាផងដែរ៕