(ភ្នំពេញ)៖ ត្រឹមមួយពព្រិចភ្នែកសោះ កូនប្រុសជាទីស្រឡាញ់ម្នាក់ បានបាត់បង់ជីវិត ដោយមិននឹកស្មានដល់ សម្រាប់ទឹកចិត្តលោកឪពុក អ្នកម្តាយ និងក្រុមគ្រួសារទាំងមូល។ ហេតុការណ៍ និងករណីដ៏រន្ធត់បែបនេះ បានកើតទៅលើក្មេងប្រុស អ៊ិន ជុំច័ន្ទបញ្ញា អាយុមិនដល់១០ឆ្នាំផង ដោយសារតែរថយន្តមួយគ្រឿង បានរេចង្កូតបុកចូលផ្សារគគីរ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុច​នៅ​មុខ​​ផ្សារ​គគីរ ផ្លូវ​ជាតិ​លេខ​១ នៅចន្លោះគីឡូតិ៍​ម៉ែត្រ​១៨-​១​៩ ស្ថិត​ក្នុង​ភូមិគគីរ ឃ៉ំគគីរ ស្រុកកៀន​ស្វា​យ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា នៅ​វេលា​ម៉ោង​ខាង​​លើ មាន​រថយន្ត​ម៉ាក hyu​ndia បើកបរ​ក្នុ​ង​ទិស​ដៅអ្នក​លឿង ទៅ​ភ្នំពេញ លុះមក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ ស្រាប់តែរថយន្ត​ខាងលើ បានដាច់ហ្វ្រាំងរេចង្កូត​បុក​រថយន្ត​ធុនតូចមួយគ្រឿងទៀត ដែលបើកបរ​ក្នុង​ទិស​ដៅច្រាស់​ទិសពី​ភ្នំពេញទៅអ្នក​លឿ​ង។ ហើយរថយន្តម៉ាក hyundia មិន​អស់​ល្បឿន ក៏​បាន​បុក​កុមារារងគ្រោះ ដែល​ឈរ​រៀប​ចំ​ឆ្លង​ផ្លូវ​បណ្តាលឲ្យ​​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ។

ក្រោយ​កើត​ហេតុ​លោក ពៅ គីមលី អភិបា​ល​រង​ស្រុក​កៀនស្វាយ និងសមត្ថកិច្ច​ជំនា​ញ ​បានចុះទៅធ្វើការ​វាស់វែង​ ហើយ​ប្រគល់​សាក​សពជូន​ក្រុមគ្រួសារ​ យកទៅ​ធ្វើ​បុ​ណ្យ​​តាម​​ប្រពៃណី។ ដោយឡែកវត្ថុ​តាង​ និង​អ្នក​បើក​រថយន្ត​យក​ទៅអធិការ​នគរបាល​ស្រុក​កៀន​ស្វាយ ​ដើម្បី​បន្ត​នីតិវិធី​៕