(ភ្នំពេញ)៖ គ្រាប់ប្រភេទ M79 ត្រូវបានគេប្រទះឃើញនៅក្នុងភូមិគ្រឹះមួយ ស្ថិតនៅផ្ទះលេខ៣ ផ្លូវលេខ៣១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នាយនគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោក លោក ខាត់ ខុនទិត្យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ពិតជាមានហេតុការណ៍នេះកើតឡើងមែន ដោយបុរសសន្តិសុខម្នាក់ បានឃើញគ្រាប់នេះ នៅក្នុងគុម្ពផ្កា នាភូមិគ្រឹះខាងលើ ស្ថិតនៅខាងក្រោយខារ៉ាអូខេ KTV Best Star។
បើតាមសន្តិសុខបានប្រាប់ថា មុនពេលពេលកើតហេតុ គាត់បានបោសសំអាតនៅក្នុងភូមិគ្រឹះនេះ ស្រាប់តែប្រទះឃើញគ្រាប់នេះ រួចក៏រាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន។
លោក ខាត់ ខុនទិត្យ បានបញ្ជាក់ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក និងកម្លាំងសន្តិសុខផ្ទៃក្នុងរបស់ខណ្ឌ បាននិងកំពុងនៅកន្លែងកើតហេតុ ដើម្បីការពារកុំឲ្យនរណាទៅប៉ះពាល់ និងបានរាយការណ៍ទៅក្រុមមន្រ្តីស៊ីម៉ាក់ ដើម្បីចុះមកពិនិត្យ និងយកគ្រាប់បែកនេះចេញ។
អធិការរងនគរបាលខណ្ឌទួលគោក លោក សិដ្ឋ បានប្រាប់ថា នេះជាគ្រាប់ចាស់ៗ តែនៅពេលនេះកម្លាំងសមត្ថកិច្ចខាងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ និងសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើការងារនេះហើយ។
បុរសជាសន្តិសុខរូបនោះ បានអះអាងថា ផ្ទះនេះត្រូវបានជនជាតិឥណ្ឌា ដែលមានប្រពន្ធខ្មែរ មកជួលស្នាក់នៅទើបតែបាន១៥ថ្ងៃប៉ុណ្ណោះ៕