(កំពង់ចាម)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំថវិកា៣លានរៀល ទៅឧបត្ថម្ភដល់ស្ដ្រីដែលវះកាត់ឆ្លងទន្លេម្នាក់ ដែលក្រុមគ្រូពេទ្យផ្នែកឆ្មប នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ធ្វេសប្រហែសភ្លេចកន្សែងនៅក្នុងពោះ ដើម្បីបន្តការព្យាបាលជំងឺឲ្យបានជាសះស្បើយវិញ បន្ទាប់ពីត្រូវវះកាត់ម្តងទៀត យកកន្សែងចេញពីក្នុងពោះ។
លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចាត់តំណាងនាំយកថវិកាទាំង៣លានរៀលនេះ ប្រគល់ដល់ជនរងគ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត នៅរាជធានីភ្នំពេញ បន្ទាប់ពីនាងត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ នាព្រឹកថ្ងៃនេះ។
ការផ្តល់ថវិកាឧបត្ថម្ភនេះ ស្របពេលមានការប្រកាសរកការជួយឧបត្ថម្ភថវិកា ដែលបានចុះផ្សាយតាមរយះអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបន្តការព្យាបាល ខណៈដែលជំងឺរបស់ស្រ្តីរងគ្រោះ ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ ប៉ុន្តែនៅពេលនេះ ការព្យាបាលទាំងស្រុងជូនដល់ស្រ្តីរងគ្រោះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន ប្រាប់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកាបាទក្រហមកម្ពុជា ធានារ៉ាប់រងទាំងស្រុងរហូតជាសះស្បើយ។
សូមជម្រាបថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានបង្កការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរបំផុត ដែលកម្រកើតមានឡើង ចំពោះស្ត្រីរងគ្រោះម្នាក់ ដែលបានសម្រាលកូន ដោយការវះកាត់ តែក្រោយសម្រាលកូនហើយ ស្ត្រីរងគ្រោះចេះតែមានការឈឺចាប់ក្នុងពោះខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេលជាង៣ខែមកហើយ ទោះប្រើឱសថព្យាបាលយ៉ាងណាក៏មិនបាត់សោះ។
លុះដល់ទ្រាំមិនបាន ក៏សម្រេចចិត្តវះកាត់ម្ដងទៀត តែអ្វីដែលហួសចិត្ត យ៉ាងពន់ពេកនោះ មូលហេតុដែលនាំឲ្យស្ត្រីរងគ្រោះមានការឈឺចាប់ គឺមានកូនកន្សែងមួយដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុងពេលវះកាត់សម្រាលកូននៅមន្ទីរបង្អែកខេត្តកំពង់ចាម។
ស្ត្រីរងគ្រោះ ឌីម ស្រីមុំ មានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកង៕
src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ffreshnewsasia%2Fvideos%2F893879367450522%2F&show_text=0&width=560" width="730" height="548" class="fb" style="border: none; overflow: hidden;" frameborder="0" scrolling="no" allowfullscreen="allowfullscreen">