(ភ្នំពេញ)៖ លោក ចាន់​ សុខឃាង សកលវិទ្យាធិការ នៃសកលវិទ្យាល័យន័រតុន បានថ្លែងទៅកាន់និស្សិតប្រមាណជាង១០០នាក់ នៅក្នុងកម្មវិធី «ប្រជុំអ្នកវិទ្យាល័យ និងបច្ចេកវិទ្យា» ថា និស្សិតគួរតែងាកមកចាប់អារម្មណ៍ជាមួយនឹង ការរកចំណូលពីប្រភពបច្ចេកវិទ្យាដូចជា យូធ្យូប (Youtube) ការបង្កើតវេបសាយ (Website) ឬក៏ទំនាក់ទំនងផ្សេងៗទៀត ជាជាងការចំណាយពេលឥត​ប្រយោជន៍ បណ្តាញសង្គមផ្សេងៗ។

ការថ្លែងបែបនេះរបស់ សកលវិទ្យាធិការ លោក ចាន់ សុខឃាង សកលវិទ្យាល័យន័រតុនរូបនេះ នៅក្នុងកម្មវិធី «ប្រជុំអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា» នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ជា ម៉ានិត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមនឹងវាគ្មិនជាច្រើននាក់ ដែលសុទ្ធតែជាអ្នកបទពិសោធន៍ផ្នែកបច្ចេកវិទ្យា ដែលកន្លងមកធ្លាប់បានសិក្សានៅសកលវិទ្យាល័យន័រតុន និងសិស្សនិស្សិតប្រមាណជាង១០០នាក់ផ្សេងទៀត។

ក្រៅពីការជំរុញ និងលើកទឹកចិត្តដល់និស្សិតដែលមកចូលរួមក្នុងកម្មវិធី «ប្រជុំអ្នកវិទ្យាល័យ និងបច្ចេកវិទ្យា» លោក ចាន់​ សុខឃាង ក៏បានបញ្ជាក់បន្ថែមថា ផ្នែកបច្ចេកវិទ្យាពិតជាដើរតួយ៉ាងសំខាន់ណាស់សម្រាប់សង្គម នាពេលបច្ចុប្បន្ន មិនថាប្រទេសអ្នកមានឬអ្នកក្រឡើយ មួយវិញទៀត លោកក៏បានលើកទឹកចិត្តឲ្យនិស្សិតទាំងអស់ឲ្យដើរឲ្យទាន់សម័យបច្ចេកវិទ្យាផងដែរ ក៏ព្រោះតែបច្ចេកវិទ្យាគឺមិននៅស្ងៀមនោះទេ គឺចង់សំដៅទៅលើការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានការរីកលូតលាស់(Update) ឥតឈប់ឈរ។

បន្ថែមពីនេះ លោកសកលវិទ្យាធិការនៃសកលវិទ្យាល័យន័រតុន ក៏ចង់ឲ្យនិស្សិតទាំងអស់ដែលសិក្សានៅទីនោះ អាចប្រាប់ពីកង្វះខាតរបស់សកលវិទ្យាល័យ ហើយបញ្ហាទាំងអស់នោះមកប្រាប់លោក ឬក៏អាចផ្ញើសារតាមរយៈជីម៉ែល (Gmail) ដើម្បីឲ្យថ្នាក់ដឹកនាំនៃសកលវិទ្យាល័យយកសំណើនោះមកពិនិត្យ និងពិចារណាពីកង្វះខាតដែលមាននោះ។

នាឱកាសនោះផងដែរ លោក ជា ម៉ានិត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានធ្វើបទបង្ហាញមួយស្តីពីវិស័យ ICT នៅកម្ពុជា ទៅដល់សិស្សានិស្សិតដែលបានមកចូលរួមក្នុងកម្មវិធី «ប្រជុំអ្នកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា» ឲ្យកាន់តែច្បាស់ពីវិស័យ ICT នៅកម្ពុជាមួយកម្រិតទៀត។

សូមបញ្ជាក់ថា ក្រៅពី លោក ជា ម៉ានិត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏មានវាគ្មិនជាច្រើននាក់ទៀត បានអញ្ជើញចូលរួមកម្មវិធី និងធ្វើបទបង្ហាញជូនដល់និស្សិតដែលបានចូលរួម ប្រជាងជាង១០០នាក់ផងដែរ៕