(រតនគិរី)៖ វាជារឿងកម្រមួយ ដោយសារមានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកម៉ូតូ នៅចំណុចផ្លូវចុះចំណោទ ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំនៅវេលាម៉ោង១០៖១០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈនគរបាលចរាចរណ៍ធ្វើការវាស់វែងនោះ ស្រាប់តែមានរថយន្ត១គ្រឿង មានទិសដៅត្បូងទៅជើង ដាច់ប្រាំងតម្រង់មកសមត្ថកិច្ច កំពុងវាស់វែរត់ជាន់ជើងគ្នា រួចរថយន្តដាច់ប្រាំងនោះ ឆ្ពោះទៅបុកម៉ូតូ១គ្រឿង ចតនៅចិញ្ចើមផ្លូវខ្ទេច រួចជ្រុលទៅផ្ទះ១ខ្នងទៀតខ្ទេចតែម្តង។
បើតាមនគរបាលចរាចណ៍ កំពុងធ្វើការវាស់វែងនេះ ប្រាប់ឲ្យដឹងថា មុនដំបូងម៉ូតូ២គ្រឿង ជិះស្របទិសគ្នាត្បូងទៅជើង លើកំណាត់ផ្លូវជាតិ លេខ៧៨A កៀរគ្នា ដួលរបួសធ្ងន់៣នាក់ ចៃដន្យមានរថយន្តដាច់ប្រាំង ចុះចំណោទមានទិសដៅត្បូងទៅជើង មកបុកបន្តបន្ទាប់ទៀត ដោយអ្នកបើកនោះរបួសធ្ងន់ដែរ។
ប្រភពព័ត៌មានខាងលើបន្តថា សរុបអ្នករបួសធ្ងន់៤នាក់ (មិនស្គាល់អត្តសញ្ញាណ) បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ បច្ចុប្បន្ន នគរបាលចរាចរណ៍ នៃស្នងការ នគរបាលខេត្តរតនគិរី កំពុងវាស់វែងរួចអូសរថយន្តចេញផ្ទះពលរដ្ឋ ហើយនាំយកវត្ថុតាងម៉ូតូ២គ្រឿង និងរថយន្តទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕