(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ ដែលកំពុងស្ថិតនៅការិយាល័យបោះឆ្នោតក្នុងខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា រហូតមកដល់វេលាម៉ោងប្រមាណ១១ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ការិយាល័យជាច្រើនដូចជា នៅក្នុងខេត្តប៉ៃលិន កែប កោះកុង និងស្ទឹងត្រែង ត្រូវបានបោះឆ្នោតរួចរាល់ហើយ ហើយបណ្តាខេត្តដទៃទៀត ដែលមានអង្គបោះឆ្នោតតិចក៏ឈានទៅបញ្ចប់ជាបន្តបន្ទាប់ផងដែរ។
លោក ឌឹម សុវណ្ណារុំ បានអះអាងថា ការបោះឆ្នោតនៅទូទាំងប្រទេសអាចនឹងបញ្ចប់មុនម៉ោងកំណត់ គឺម៉ោង៣រសៀល តែទោះបីជាយ៉ាងការិយាល័យនៅតែបន្តបើកទ្វាររហូតដល់ម៉ោង៣ ដើម្បីផ្តល់ឱកាសឲ្យអង្គបោះឆ្នោតចូលរួមបោះឆ្នោតគ្រប់ៗគ្នា។
អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានសង្កេតឃើញថា អង្គបោះឆ្នោតបានចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាយ៉ាងសស្រាក់សស្រាំ ដែលក្នុងនោះអ្នកខ្លះបានមកចូលរួមតាំងពីព្រលឹមស្រាងៗម្ល៉េះ។
សម្រាប់ស្ថានភាព និងបរិយាកាសទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤នេះ ត្រូវបានលោក ឌឹម សុវណ្ណរុំ អះអាងថា មានសភាពស្ងប់ស្ងាត់ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ហើយក៏គ្មានបាតុភាពណាមួយកើតឡើង រំខានដល់ដំណើរការបោះឆ្នោតនោះឡើយ។
សូមបញ្ជាក់ថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាលើកទី៤នេះ មាន ៨មណ្ឌល ស្មើនឹង ៣៣ការិយាល័យ ហើយបានបើកទ្វារការិយាល័យបម្រើការបោះឆ្នោតពីម៉ោង៧ព្រឹករហូតដល់ម៉ោង ៣រសៀល។ អង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានេះ មានតំណាងរាស្រ្ត ១២៣រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស១១,៥៧២រូប។
ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ពីតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ ជាពិសេសអ្នកសង្កេតការណ៍មកពីប្រទេសជប៉ុន និងម៉ាឡេស៊ី ហើយក៏មានការចូលរួមយកព័ត៌មានពីអ្នកព័ត៌មានជាតិ និងអន្តរជាតិប្រមាណជា ៣០០នាក់។ បន្ទាប់ពីបិទបញ្ចប់ការបោះឆ្នោតនៅម៉ោង៣រសៀលថ្ងៃដដែលនេះ គ.ជ.ប នឹងបើកសន្និសីទព័ត៌មានមួយបង្ហាញពីលទ្ធផលនៃដំណើរការនៃការបោះឆ្នោតនេះផងដែរ។
លទ្ធផលបឋមនៃបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ នឹងប្រកាសនៅល្ងាចថ្ងៃនេះផងដែរ៕