(ភ្នំពេញ)៖ យុទ្ធនាការចុះឃាត់អ្នកជិះបញ្រ្ចាសទិសដៅចរាចរណ៍, អភិបាលខណ្ឌដូនពេញលោក សុខ ពេញវុធ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍បានជិត២០០គ្រឿង នៅតាម​បណ្តោយ​មហា​វិថី​ព្រះស៊ីសុវត្ថិ​។

យុទ្ធនាការចុះ ឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ខាងលើនេះ បានធ្វើឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង ០៩៖០០នាទីយប់ នៅបណ្តោយផ្លូវលេខ១០៨-១០៦ លើវិថីព្រះស៊ីសុវត្ថិ។

អភិបាលខណ្ឌដូនពេញ ប្រាប់មកអង្គភាព Fresh News នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ជាលទ្ធផល នៅក្នុងការចុះអនុវត្ដ យុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ បានធ្វើការឃាត់ យានយន្តសរុបចំនួន១៩២គ្រឿង។

លោក សុខ ពេញវុធ បានបញ្ជាក់ថា យានយន្តទាំង១៩២គ្រឿងនេះ ក្នុងនោះរួមមាន ទី១៖ ម៉ូតូចំនួន ១៧៥ គ្រឿង, ទី២៖ រ៉ឺម៉កម៉ូតូកង់បី ចំនួន១៤គ្រឿង និងទី៣៖ រថយន្ត ០៣គ្រឿង។

បច្ចុប្បន្ន យានយន្តទាំង១៩២គ្រឿង ខាងលើនេះ បានបញ្ជូនទៅ សាលាខណ្ឌដូនពេញ ដើម្បីរក្សាទុក និង ប្រគល់ជូន អធិការនគរបាលខណ្ឌ ដើម្បីធ្វើការអប់រំណែនាំ និងផាកពិន័យ តាមនីតិវិធីច្បាប់៕