(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចាត់ទុកសេចក្តីថ្លែងការណ៍របស់ អតីតគណបក្សសង្រ្គោះជាតិ ដែលប្រកាសមិនឱ្យអន្តរជាតិទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ថាជារឿងខុសច្បាប់ ហើយព្យាយាមបំផ្លាញ់ដល់បរិយាកាសនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤។ ជាមួយគ្នានេះ បក្សហ៊្វុនស៊ិនប៉ិច ក៏បានជំរុញថែមទៀត ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យមានវិធានការណ៍កាន់តែធ្ងន់បន្ថែមទៀត សម្រាប់ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។ នេះបើតាមការអះអាងរបស់ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកនេះ។
ប្រតិកម្មរបស់គណបក្សធំទី២ នៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពី អតីតគណបក្សសង្រ្គោះជាតិ បានចេញនូវសេចក្តីថ្លែងការណ៍មួយ មិនទទួលស្គាល់ចំពោះលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាអាណត្តទី៤ នាថ្ងៃ២៥ កុម្ភៈ ឆ្នាំ២០១៨នេះ ហើយអតីតគណបក្សប្រឆាំងដែលតុលាការកាត់ទោសរំលាយដោយសារតែប្រព្រឹត្តអំពោះក្បត់ជាតិមួយនេះ ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ដូចខ្លួនដែរ។
លោក ញ៉េប ប៊ុនជិន បានលើកឡើងទៀតថា ការបន្តចេញសេចក្តីថ្លែងការណ៍ដោយខុសច្បាប់របស់ ក្រុមក្រៅច្បាប់ដោយប្រើឈ្មោះគណបក្សក្បត់ជាតិនោះ គឺជាការប្រមាថដល់ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលបង្ខំឱ្យស្ថាប័នច្បាប់ ត្រូវតែចេញមុខដាក់វិធានការឱ្យបានធ្ងន់ធ្ងរ។
សម្រាប់លោក ញ៉េប ប៊ុនជិន ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ គឺកំពុងតែប្រព្រឹត្តទៅយ៉ាងរលូន និងមានលក្ខណៈត្រឹមត្រូវ ស្ងប់ស្ងាត់ ហើយមានការចូលរួមពីអ្នកសង្កេតការជាច្រើនទាំងនៅក្នុងស្ថាប័នជាតិ និងអន្តរជាតិ។ ការចូលរួមបែបនេះហើយ ដែលបង្ហាញថា ការបោះឆ្នោតនេះ គឺទទួលយកបានទាំងគ្រប់ភាគីពាក់ព័ន្ធ។ សម្រាប់គណបក្សលោកវិញ ក៏ទទួលយកចំពោះលទ្ធផលបោះឆ្នោតនេះដូចគ្នា ដោយសារតែគណបក្សហ៊្វុនស៊ិនប៉ិច ហ៊ានធ្វើហ៊ានទទួលខុសត្រូវ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នៅកម្ពុជា បាននឹងកំពុងធ្វើឡើងនៅ ថ្ងៃទី២៥ ខែកុម្ភៈនេះ ដើម្បីជ្រើសរើសតំណាងតាមភូមិភាគ ទៅបំពេញអសនៈព្រឹទ្ធសភាចំនួន៦២។ ការបោះឆ្នោតនេះ មានអ្នកចូលរួមសង្កេតការណ៍ជាតិ មកពីស្ថាប័នអង្គការសង្គមស៊ីវិលប្រមាណ ២៧៦នាក់ ហើយក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសជប៉ុន និងម៉ាឡេស៊ីផងដែរ។ ជាមួយគ្នានេះ អ្នកព័ត៌មានជាតិ និងអន្តរជាតិប្រមាណជា ៣០០នាក់ ក៏បាននិងកំពុងប្រមាញយកព័ត៌មានផងដែរ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា ចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ឱ្យតែប្រជាពលរដ្ឋខ្មែរចូលរួម និងទទួលស្គាល់ គឺគ្រប់គ្រាន់ហើយ។ ដោយឡែកប្រទេសដទៃ ដែលមាននិន្នាការនយោបាយ មិនទទួលស្គាល់លទ្ធផលនេះ គឺជាសិទ្ធិរបស់គេប៉ុណ្ណោះ ប៉ុន្តែការបោះឆ្នោតនៅកម្ពុជា មិនបំពេញចិត្តប្រទេសណាទេ៕