(ភ្នំពេញ)៖ ដើម្បីផ្ដល់បទពិសោធន៍ដល់ប្រជាជនកម្ពុជា ដែលមានបំណង ឬគម្រោងការក្នុងការវិនិយោគ អ្នកជំនាញកម្ពុជា-ចិន បានរួមដៃគ្នា ចែករំលែកចំណេះដឹងស្ដីពី «ការចាប់យកឱកាសវិនិយោគល្អបំផុត នៅក្នុងប្រទេសកម្ពុជា» ក្នុងន័យធ្វើយ៉ាងឲ្យសារធារណជនទាំងអស់ ចេះមើលឱកាស ចេះចាប់យកឱកាសមកវិនិយោគ និងប្រកបដោយភាពជោគជ័យ។
ថ្លែងក្នុងកម្មវិធីចែករំលែកចំណេះដឹងស្ដីពីវិធីសាស្រ្ដ «ការចាប់យកឱកាសវិនិយោគល្អបំផុតនៅកម្ពុជា» ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodian Derivatives Exchange នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ផន សុភ័ត្រា អ្នកជំនាញបណ្តុះបណ្តាល ដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុ បានឲ្យដឹងថា ការចាប់យកឱកាសវិនិយោគល្អបំផុតនៅកម្ពុជា សំដៅលើវិនិយោគិនចេះយល់ដឹង ពីផ្នែកអ្វីមួយដែលខ្លួនចង់វិនិយោគ ដូចជាប្រសិនបើអ្នកចង់ វិនិយោគលើឧបករណ៍និស្សន្ទ ត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទីផ្សារជាមុនសិន។
លោកបានបន្ដទៀតថា មុននឹងចាប់ផ្ដើមវិនិយោគលើអ្វីមួយ វិនិយោគិនគួរតែចេះមើលឱកាសជាមុនសិន ថាតើឱកាសនេះ អាចវិនិយោគទៅទទួលបានជោគជ័យឬយ៉ាងណា មួយវិញទៀតគឺដើមទុន ប្រសិនបើគ្មានដើមទុននោះទេ ទោះបីជាអ្នកមានឱកាស ក៏មិនអាចវិនិយោគបានដែរ ក្រៅពីដើមទុន វិនិយោគិនត្រូវមានដៃគូប្រឹក្សាយោបល់ដ៏ល្អ មានន័យថាប្រសិនបើវិនិយោគិន នោះចង់វិនិយោគទៅលើផ្នែកអ្វីមួយដូចជា ផ្នែកសេវាកម្ម ឬផ្នែកអ្វីផ្សេងៗទៀត គួរតែស្វែងរកដៃគូណា ដែលជាក្រុមហ៊ុនស្រប់ច្បាប់ នឹងមានបទពិសោធន៍ខ្ពស់ ទាំងនេះគឺដើម្បីជៀសវាងការជ្រើសរើសមនុស្សខុស និងទុកចិត្តមនុស្សខុស ដែលនាំឲ្យខាតពេលវេលា និងនាំឲ្យខាតបង់ថិវិកាជាដើម។
លោក James Yeung អ្នកជំនាញវិស័យហិរញ្ញវត្ថុដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ London និងមានបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុក៏បានឲ្យដឹងថា ទោះបីជាមានមធ្យោបាយផ្សេងៗ នៃការវិនិយោគយ៉ាងណាក៏ដោយ ក៏ការវិនិយោគលើហាងឆេងមាស និងរូបិយប័ណ្ណបរទេសនេះ ជាវិធីល្អបំផុតមួយ សម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា ដោយការជួញដូរនេះ ជាមធ្យោបាយរកប្រាក់ចំណេញច្រើនបំផុត និងរហ័សបំផុតក្នុងការធ្វើវិនិយោគ។
លោកបានបន្ដទៀតថា ទាក់ទងនឹងទិដ្ឋភាពទូទៅនៃទីផ្សារមាស និងរូបិយប័ណ្ណបរទេស ជាវិធីសាស្រ្តថ្មីមួយ ក្នុងការរកប្រាក់ចំណេញ ក៏ដូចជាការបញ្រ្ជាបការយល់ដឹង អំពីរបៀបឱ្យការវិនិយោគ ធ្វើការអោយវិនិយោគិនវិញ។
សូមបញ្ជាក់ថាក្រុមហ៊ុន Derivatives Exchange តែងតែរៀបចំសិក្ខាសាលាស្ដីពីចំណេះដឹង ផ្សេងៗទាក់ទងនឹងការវិនិយោគ ដើម្បីធ្វើយ៉ាងណាចែករំលែកចំណេះដឹងកាន់តែច្រើន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយល់ច្បាស់ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុននឹងបន្ដរៀបចំសិក្ខាសាលា ផ្ដល់នូវចំណេះ ជំនាញពាក់ព័ន្ធទៅលើវិស័យផ្សេងទៀតជាច្រើន ធ្វើយ៉ាងណាបញ្ជ្រាប់ចំណេះដឹង ទៅដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅបន្ថែមទៀត៕