(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានហៅសេចក្តីថ្លែងការណ៍មួយចេញដោយ អតីតគណបក្សសង្រ្គោះជាតិ មិនទទួលស្គាល់លើលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភានោះ គឺជាជំងឺឆ្កួតជ្រូករបស់អតីតថ្នាក់ដឹកនាំបក្សប្រឆាំង។ ជាមួយគ្នានេះ លោកចាត់ទុកថា សេចក្តីថ្លែងការណ៍នេះ គឺអតីតបក្សប្រឆាំង គ្រាន់តែចង់បំភាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យយល់ច្រឡំថា ខ្លួននៅមានជីវិតទៀតតែប៉ុណ្ណោះ។
ប្រតិកម្មធ្ងន់ៗរបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សមួយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤នេះ បានធ្វើឡើងបន្ទាប់ពី អតីតគណបក្សសង្រ្គោះជាតិ បានចេញនូវសេចក្តីថ្លែងការណ៍មួយ មិនទទួលស្គាល់ចំពោះលទ្ធផលនៃការបោះឆ្នោតព្រឹទ្ធសភាអាណត្តទី៤ នាថ្ងៃ២៥ កុម្ភៈ ឆ្នាំ២០១៨នេះ ហើយអតីតគណបក្សប្រឆាំងដែលតុលាការកាត់ទោសពីបទក្បត់ជាតិមួយនេះ ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ដូចខ្លួនដែរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា៖ «សេចក្តីថ្លែងការណ៍របស់ខ្មោចគណបក្សសង្រ្គោះជាតិ វាគឺជាការឆ្លុះបញ្ចាំងរឹតតែច្បាស់អំពីជំងឺឆ្កួតជ្រូក មើលមិនជារបស់ក្រុមលោក កឹម សុខា និងក្រុមនៃលោក សម រង្សុី ដោយហេតុថាក្រុមនេះ បាននឹងកំពុងបំភ្លៃព័ត៌មាន ឲ្យសាធារណជនជាតិ និងអន្តរជាតិភ័នច្រឡំ អំពីការមានជីវិតនៃគណបក្សសង្រ្គោះជាតិ»។
ប្រធានគណបក្សយុវជន បានបន្តថា «ម្យ៉ាងវិញទៀតសេចក្តីថ្លែងការណ៍របស់ខ្មោចគណបក្សសង្រ្គោះជាតិនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា៖ ក្រុមរបស់លោក កឹម សុខា និងក្រុមរបស់លោក សម រង្សុី បានរំលោភបំពាននូវព្រះរាជកិច្ចរបស់ព្រះមហាក្សត្រខ្មែរ និងច្បាប់យ៉ាងធ្ងន់ធ្ងរបំផុតដោយហេតុថា ខ្មោចគណបក្សសង្រ្គោះជាតិ បានស្លាប់ដោយច្បាប់ ហើយច្បាប់មានសុពលភាព គឺដោយសារតែអង្គព្រះមហាក្សត្រ ឡាយព្រះហស្ថអនុញ្ញាតឲ្យបម្រើប្រាស់ទើបច្បាប់នោះមានអំណាច។ ដូច្នេះកូនចៅនៃខ្មោចគណបក្សសង្រ្គោះជាតិ គួរតែធ្វើបុណ្យចំលងកុសលឧទ្ទិសកុសលដល់ខ្មោច គណបក្សសង្រ្គោះជាតិឲ្យឆាប់បានទៅចាប់ជាតិជាថ្មីកុំឲ្យមកលងអ្នកភូមិដូច្នេះទៀត»។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នៅកម្ពុជា បាននឹងកំពុងធ្វើឡើងនៅ ថ្ងៃទី២៥ ខែកុម្ភៈនេះ ដើម្បីជ្រើសរើសតំណាងតាមភូមិភាគ ទៅបំពេញអសនៈព្រឹទ្ធសភាចំនួន៦២។ ការបោះឆ្នោតនេះ មានអ្នកចូលរួមសង្កេតការណ៍ជាតិ មកពីស្ថាប័នអង្គការសង្គមស៊ីវិលប្រមាណ ២៧៦នាក់ ហើយក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសជប៉ុន និងម៉ាឡេស៊ីផងដែរ។ ជាមួយគ្នានេះ អ្នកព័ត៌មានជាតិ និងអន្តរជាតិប្រមាណជា ៣០០នាក់ ក៏បាននិងកំពុងប្រមាញយកព័ត៌មានផងដែរ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា ចំពោះលទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា ឱ្យតែប្រជាពលរដ្ឋខ្មែរចូលរួម និងទទួលស្គាល់ គឺគ្រប់គ្រាន់ហើយ។ ដោយឡែកប្រទេសដទៃ ដែលមាននិន្នាការនយោបាយ មិនទទួលស្គាល់លទ្ធផលនេះ គឺជាសិទ្ធិរបស់គេប៉ុណ្ណោះ ប៉ុន្តែការបោះឆ្នោតនៅកម្ពុជា មិនបំពេញចិត្តប្រទេសណាទេ៕