(ភ្នំពេញ)៖ នៅសប្តាហ៍ទី៣ ក្នុងខែកុម្ភៈ ឆ្នាំ២០១៨នេះ រោងចក្រ៤ថ្មីទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញច្បាប់អនុញ្ញាតឲ្យបើកដំណើរការនៅកម្ពុជា ក្រោមទុនវិនិយោគជាង៦០លានដុល្លារអាមេរិក ដោយបង្កើតការងារបានចំនួនជាង ៣៤៥៨កន្លែង។

យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រោងចក្រដែលទើបបង្កើតថ្មីទាំងនោះរួមមាន៖

១៖ ក្រុមហ៊ុន «BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD» គម្រោងបង្កើតរោងចក្រផលិតថ្នាំកសិកម្ម និងជីកសិកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៦៦កន្លែង។

២៖ ក្រុមហ៊ុន «S.C FOOD PRODUCTS CO., LTD» គម្រោងបង្កើតរោងចក្រផលិតស្ករគ្រាប់ និងនំគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១១៤កន្លែង។

៣៖ ក្រុមហ៊ុន «WINCROWN (CAMBODIA) INDUSTRIAL CO., LTD» គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៦៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥៧៥កន្លែង។

៤៖ ក្រុមហ៊ុន «BAOFENG INTERNATIONAL AGRICULTURAL DEVELOPMENT CO., LTD» គម្រោងបង្កើតរោងម៉ាស៊ីនកិនស្រូវ និងកែឆ្នៃអង្ករ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសាលាសន្ទុក ឃុំកកោះ និងភូមិស្តុកស្តម្ភ ស្រុកសន្ទុក ខេត្តកំពង់ធំ មានទុនវិនិយោគប្រមាណ ៤៣.៣១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២០៣កន្លែង។

សូមជម្រាបថា នៅខែកុម្ភៈនេះ រោងចក្រថ្មីចំនួន១១ ហើយត្រូវបាន CDC ចេញច្បាប់អនុញ្ញាតឲ្យបង្កើតនៅកម្ពុជា សរុបទុនវិនិយោគជិត ១៣០លានដុល្លារ បង្កើតការងារថ្មី ជូនប្រជាជនកម្ពុជារាប់ពាន់កន្លែង៕