(កំពង់ចាម)៖ នៅម៉ោង៧៖៤៥នាទីព្រឹក ថ្ងៃអាទិត្យ១១ កើតខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានអញ្ជើញទៅកាន់ការិយាល័យបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលមានទីតាំងនៅក្នុងវិទ្យាល័យព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពុងចាម ដើម្បីបំពេញកាត្វកិច្ចជាអ្នកបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ សម្រាប់មណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលមាន៨អាសនៈ។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។ ព្រឹទ្ធសភានីតិកាលទី៤នេះ មានសមាជិកសរុបចំនួន៦២រូប ដែលចំនួននេះ ស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភានីតិកាលទី៦ ដែលមានសមាជិកសរុបចំនួន១២៥រូប ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន ហើយក្រៅពីនេះ ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីបោះឆ្នោតជាសម្ងាត់។

ចំពោះអាសនៈព្រឹទ្ធសភា ដែលត្រូវបោះឆ្នោត ត្រូវបានបែងចែកតាមភូមិភាគរួមមានភូមិភាគ១ រាជធានីភ្នំពេញមាន៦អាសនៈ, ភូមិភាគ២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំមាន៨អាសនៈ, ភូមិភាគ៣ ខេត្តកណ្តាលមាន៥អាសនៈ, ភូមិភាគ៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិនមាន១០អាសនៈ, ភូមិភាគ៥ ខេត្តតាកែវ កំពត និងខេត្តកែបមាន ៧អាសនៈ, ភូមិភាគ៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ, ភូមិភាគ៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុមាន ៩អាសនៈ, ភូមិភាគ៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និងខេត្តមណ្ឌលគីរីមាន៦អាសនៈ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានអ្នកបោះឆ្នោតចំនួន១១,៦៩៥នាក់ ក្នុងនោះមានអ្នកតំណាងរាស្ត្រចំនួន១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ចំនួន ១១,៥៧២នាក់។

ដោយឡែកសម្រាប់មណ្ឌលភូមិភាគ២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានអ្នកបោះឆ្នោតសរុបចំនួន ១,៣៧១នាក់ ក្នុងនោះ មានអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម១៨រូប តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំសូន្យរូប និងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៃខេត្តកំពង់ចាម៨១៧រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៃខេត្តត្បូងឃ្មុំ៥៣៦រូប។

សូមជម្រាបជូនថា កម្ពុជាមាន២៥រាជធានី/ខេត្ត មានឃុំ/សង្កាត់សរុបចំនួន ១៦៤៦ ឃុំ/សង្កាត់ និងមានការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចំនួន៣៣ការិយាល័យ ក្នុងនោះសម្រាប់មណ្ឌលភូមិភាគ២ មានចំនួន ៣ការិយាល័យ ដោយខេត្ត កំពង់ចាមមាន ២ការិយាល័យ ដែលមានទីតាំងនៅក្នុងបរិវេណវិទ្យាល័យព្រះសីហនុ និងខេត្តត្បូងឃ្មុំមាន ១ការិយាល័យដែលមានទីតាំង នៅសាលាបាលី សម្តេចតេជោ ហ៊ុន សែន វត្តវិហារទន្ទឹម ក្រុងសួង។

សូមបញ្ចាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២១០៨នេះ បានដំណើរការព្រមៗគ្នា ចាប់ពីម៉ោង៧ព្រឹក ទៅរហូតដល់ម៉ោង៣រសៀល៕