(ភ្នំពេញ)៖ ការិយាល័យបោះឆ្នោតទាំង៣៣ នៅទូទាំង២៥ រាជធានី-ខេត្ត ចាប់ផ្តើមបើកទ្វារដើម្បីបម្រើការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សមាជិក គ.ជ.ប ទាំង៩រូប ត្រូវបានបែងចែកភារកិច្ចគ្នាចុះត្រួតពិនិត្យមើលដំណើរការបោះឆ្នោត នៅតាមមណ្ឌលភូមិភាគ៨ សម្រាប់ថ្ងៃនេះ និងថ្ងៃបោះឆ្នោតផងដែរ។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នឹងអញ្ជើញទៅពិនិត្យមើលការដំណើរការបោះឆ្នោត នៅការិយាល័យបោះឆ្នោត (១០០២) វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្ដភ្នំ ស្ថិតនៅផ្លូវលេខ ៤៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង០៧៖៣០នាទីព្រឹក។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមិនដូចគ្នាទៅនឹងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងក្រុមប្រឹក្សាឃុំ សង្កាត់នោះឡើយ។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមិនត្រូវបានអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅចូលរួមបោះឆ្នោតនោះឡើយអង្គបោះឆ្នោតមានតែសមាជិករដ្ឋសភា ១២៣រូប និងក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេសប្រមាណ ១១,៥៧២រូប។
ការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភានៅថ្ងៃនេះចែកជា ៨មណ្ឌល ស្មើនឹង ៣៣ការិយាល័យ។ អាសនៈដែលត្រូវបោះឆ្នោតជ្រើសនេះមានតែ ៥៨អាសនៈប៉ុណ្ណោះ ខណៈ៤អាសនៈផ្សេងទៀត ជ្រើសតាំងដោយព្រះមហាក្សត្រ ២អាសនៈ និងជ្រើសតាំងដោយសមាជិករដ្ឋសភាសំឡេងភាគច្រើន ២អាសនៈ។
អាសនៈព្រឹទ្ធសភាត្រូវបានបែងចែកតាមភូមិភាគនីមួយៗ ក្នុងនោះភូមិភាគទី១ (រាជធានីភ្នំពេញ) មាន ៦អាសនៈ, ភូមិភាគទី២ (កំពង់ចាម និងត្បូងឃ្មុំ) មាន ៨អាសនៈ, ភូមិភាគទី៣ (ខេត្តកណ្តាល) មាន ៥អាសនៈ, ភូមិភាគទី៤ (បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, ឧត្តរមានជ័យ និង ប៉ៃលិន) មាន ១០អាសនៈ, ភូមិភាគទី៥ (តាកែវ កំពត និងកែប) មាន ៧អាសនៈ, ភូមិភាគទី៦ (ព្រៃវែង និងស្វាយរៀង) មាន ៧អាសនៈ, ភូមិភាគទី៧ (កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងព្រះសីហនុ) មាន ៩អាសនៈ, ភូមិភាគទី៨ (កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី) មាន ៦អាសនៈ។
ការបោះឆ្នោតនៅថ្ងៃនេះ មានអ្នកចូលរួមសង្កេតការណ៍ជាតិមកពីស្ថាប័នអង្គការសង្គមស៊ីវិលប្រមាណ ២៧៦នាក់ ហើយក៏មានការចូលរួមសង្កេតការណ៍ពីប្រទេសជប៉ុន និងម៉ាឡេស៊ីផងដែរ។ ក្នុងនោះមានអ្នកព័ត៌មានជាតិ និងអន្តរជាតិត្រៀមយកព័ត៌មាននៃព្រឹត្តិការណ៍ នៃការបោះឆ្នោតសមាជិកព្រឹទ្ធសភាអាណត្តិទី៤នេះ ប្រមាណជា ៣០០នាក់។
ព្រឹទ្ធសភាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ចំនួនសមាជិកព្រឹទ្ធសភាមានយ៉ាងច្រើនស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា។ នៅនីតិកាលទី១ សមាជិកព្រឹទ្ធសភាទាំងអស់ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងតែងតាំងដោយគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា។
ចាប់តាំងពីនីតិកាលទី២មក សមាជិកព្រឹទ្ធសភា២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន ហើយក្រៅពីនោះត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល៕