(ភ្នំពេញ)៖ ការសាងសង់អគាររបស់ ក្រុមហ៊ុន PICASSO CITY GARDEN ដែលស្ថិតនៅផ្ទះលេខ៤១ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កំពុងតែបង្កការរំខានយ៉ាងខ្លាំង ដល់ពលរដ្ឋរស់នៅក្បែរខាង ដោយសារតែការសាងសង់ គ្មានពេលសម្រាកទាំងយប់ទាំងថ្ងៃ រកតែអ្នកនៅតំបន់នោះដេកពួនមិនបាន។
ក្រៅពីការរំខានដល់ពលរដ្ឋនៅម្ដុំនោះហើយ ការសាងសង់អគាររបស់ក្រុមហ៊ុន PICASSO CITY GARDEN ក៏បានរំខានដល់ភ្ញៀវទេសចរ ដែលកំពុងតែស្នាក់នៅ ខុនដូរជាប់នោះផងដែរ ដោយមានភ្ញៀវមួយចំនួនបានរត់គេចចេញពីតំបន់នោះដូចគ្នា។
ក្រោយការរំខានជារៀងរាល់ថ្ងៃបែបនេះ ប្រជាពលរដ្ឋ និងម្ចាស់ខុនដូរនៅក្បែរនោះ បានដាក់ពាក្យបណ្ដឹងទៅកាន់អភិបាលខណ្ឌចំការមន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ឲ្យជួយសម្របសម្រួល ហើយក្រោយមកខាងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏បានហៅភាគីការដ្ឋានសំណងនោះ ទៅណែនាំ និងធ្វើការសម្របសម្រួលគ្នា។
បន្ទាប់ពីមានការសម្របសម្រួល អាជ្ញាធរបានកំណត់ឲ្យក្រុមហ៊ុន PICASSO CITY GARDEN ត្រូវដំណើរការសាងសង់របស់ខ្លួន ចាប់ពីម៉ោង៧ព្រឹក រហូដល់ម៉ោង៧យប់, ថ្ងៃអាទិត្យត្រូវឈប់សម្រាកការងារ និងការងារចាក់បេតុង និងការងារពិសេសផ្សេងទៀត ដែលចាំបាច់អាចបន្ដលើសពីម៉ោង៧យប់ ប៉ុន្ដែត្រូវជូនដំណឹងជាមុន។
ក្រោយមកការដ្ឋានក្រុមហ៊ុន PICASSO CITY GARDEN បានអនុវត្តតាមការព្រមព្រៀងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពោលគឺការដ្ឋាននេះ នៅបន្ដគឃ្លើននឹងការកំណត់ សម្របសម្រួលពីសំណាក់អាជ្ញាធរដដែល ដោយយប់ខ្លះធ្វើការរហូតទល់ភ្លឺ ហើយយប់ខ្លះទៀតរហូតដល់ម៉ោង១១ ដែលមិនអាចឲ្យអ្នកក្បែរនោះសម្រាកបាន។
ដោយការទ្រាំមិនបានបែបនេះ ស្ទើររៀងរាល់យប់ មិនបានដេកពួន ប្រជាពលរដ្ឋ និងម្ចាស់ខុនដូរនៅក្បែរនោះ បានទទូចជាថ្មីដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ជួយមានវិធានបន្ដចំពោះការដ្ឋានរសាងសង់អគាររបស់ ក្រុមហ៊ុន PICASSO CITY GARDEN។
យ៉ាងណាមិញ អង្គភាព Fresh News មិនអាចទាន់សុំការបំភ្លឺពីថ្នាក់ដឹកនាំ ឬមេការ ក្រុមហ៊ុន PICASSO CITY GARDEN បាននៅឡើយទេ គិតត្រឹមយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៕