(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក បានបើកការស្រាវជ្រាវ រហូតតាមបង្ក្រាបជនសង្ស័យចំនួន៥នាក់ ដែលជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិជនបរទេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
បើតាមលោកស្នងការ ជនសង្ស័យទាំង៥នាក់ សុទ្ធតែមនុស្សញៀនថ្នាំ ដែលជាមុខសញ្ញាបង្កគ្រោះថ្នាក់ដល់សង្គមយ៉ាងខ្លាំង។
ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា នៅម៉ោង២១៖៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីឆក់កាបូបស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ដែលមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង បានឆក់កាបូបជនបរទេសឈ្មោះ GILPIN TIMOTHY JOHN ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិត ឆ្លងដែនលេខ ៧០៧០៨០០២២ និងប្រពន្ធឈ្មោះ KAISER OLIVIA កាន់លិខិតឆ្លងដែនលេខ៥៤២៣៦៦០៣៥ ( ស្នាក់នៅសណ្ឋាគារ ប៊ូទិកកំពត )។
ជនរងគ្រោះបានបណ្តើរប្រពន្ធ និងកូនតូចដាក់លើរទេះរុញ ត្រូវចោរឆក់កាបូបនៅចំណុចខាងកើតរង្វង់មូលរែកអំបិល ប៉ុន្តែត្រូវជនរងគ្រោះដណ្តើមបានវិញបណ្តាលឲ្យដាច់ខ្សែកាបូបប៉ុណ្ណោះ គឺមិនទាន់មានបាត់បង់អ្វីទេ។
បន្ទាប់ពីទទួលបានបណ្តឹងខាង លើកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានក្រុងកំពត ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ បានចុះស្រាវ ជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់រួមមាន៖
១.ឈ្មោះ រ៉ាន និស្ស័យ ហៅសៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាមុខសញ្ញាគ្រឿងញៀន
២.ឈ្មោះ គិត សំរេច (ហៅកាំង) ភេទប្រុស អាយុ២១ឆ្នាំ ជាមុខសញ្ញាគ្រឿងញៀន ( ពីរនាក់នេះ ផ្ទះនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត )
៣.ឈ្មោះ វង់ ចន្ទ័កក្កដា (ហៅកក្កដា) ភេទប្រុស អាយុ១៦ឆ្នាំ ជាមុខសញ្ញាគ្រឿងញៀន
៤.ឈ្មោះ សេង លីឡាយ ហៅឡាយ ភេទប្រុស អាយុ១៧ឆ្នាំ ជាមុខសញ្ញាគ្រឿងញៀន ( ពីរនាក់នេះ ផ្ទះនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត)
៥.ឈ្មោះ ហេ ប៉ូលី ភេទប្រុស អាយុ១៦ឆ្នាំ ជាមុខសញ្ញាគ្រឿងញៀន នៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។
សម្រាប់ជនសង្ស័យទាំង៥នាក់ ត្រូវបានបន្តការសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តទៀត៕