(កំពង់ចាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានទឹកចិត្តអាណិតអាសូរដល់រាស្រ្តទូទៅពេលជួបការលំបាកនោះ បានធានាចេញថ្លៃព្យាបាលបន្តទាំងស្រុងជូនស្រ្តីម្នាក់ នៅស្រុកកងមាស ខេត្តកំពង់ចាម ដែលក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វេសប្រហែសរហូតធ្វើឲ្យភ្លេចកន្សែងនៅក្នុងពោះ នៅពេលវះកាត់សម្រាលកូនជូនគាត់ កាលពីជាង៣ខែមុន។ នេះបើយោងតាមលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នៅរសៀលថ្ងៃនេះ អភិបាលខេត្តកំពង់ចាម រួមជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងសាច់ញាតិស្រ្តីរងគ្រោះបានជួបគ្នា ដើម្បីបន្តដោះស្រាយ និងសួរនាំ ករណីនេះឲ្យបានលម្អិត។ ជាលទ្ធផលនោះត្រូវបានលោក គួច ចំរើន បានថ្លែងបញ្ជាក់ថា នៅព្រឹកស្អែកនេះ គ្រូពេទ្យមួយក្រុមនឹងយករថយន្តពេទ្យទៅដឹកស្រ្តីរងគ្រោះដល់ផ្ទះឆ្ពោះទៅ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាលបន្តរហូតជាសះស្បើយ ហើយរឿងសាហ៊ុយសាដាទាំងអម្បាលម៉ាននោះ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចេញទាំងអស់។
នារសៀលថ្ងៃនេះ លោក គួច ចំរើន ក៏បានឧបត្ថម្ភថវិកាចំនួន៥លានរៀលផងដែរ សម្រាប់ការដោះស្រាយបញ្ហានៅចំពោះមុខ នោះគឺការហូបចុកនៅមន្ទីរពេទ្យ និងថ្លៃទឹកដោះគោះកូន។
បើតាមលោកអភិបាលខេត្ត សម្រាប់ដំណោះស្រាយមួយទៀតនោះ ខាងមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានសងថ្លៃលើការវះកាត់ ដែលធ្វើឡើងនៅមន្ទីរពេទ្យេឯនជនក្នុងរាជធានីភ្នំពេញ ជូនស្រ្តីរងគ្រោះ និងក្រុមគ្រួសារទាំងអស់វិញ។ ចំពោះការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ ដែលធ្វើឲ្យភ្លេចកន្សែងនៅក្នុងពោះស្រ្តីរងគ្រោះនោះ លោក គួច ចំរើន បានអះអាងថា នៅពេលនេះ ខាងមន្រ្តីជំនាញសុខាភិបាល បាននិងកំពុងបន្តសួរនាំនិងស្រាវជ្រាវបន្ថែមទៀត ពាក់ព័ន្ធក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ ដើម្បីចាត់ការតាមនីតិវិធីនៅពេលក្រោយ។
សូមជម្រាបថា គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានបង្កការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរបំផុត ដែលកម្រកើតមានឡើង ចំពោះស្ត្រីរងគ្រោះម្នាក់ ដែលបានសម្រាលកូន ដោយការវះកាត់ តែក្រោយសម្រាលកូនហើយ ស្ត្រីរងគ្រោះចេះតែមានការឈឺចាប់ក្នុងពោះខ្លាំងទៅៗរៀងរាល់ថ្ងៃ អស់រយៈពេលជាង៣ខែមកហើយ ទោះប្រើឱសថព្យាបាលយ៉ាងណាក៏មិនបាត់សោះ។ លុះដល់ទ្រាំមិនបាន ក៏សម្រេចចិត្តវះកាត់ម្ដងទៀត តែអ្វីដែលហួសចិត្ត យ៉ាងពន់ពេកនោះ មូលហេតុដែលនាំឲ្យស្ត្រីរងគ្រោះមានការឈឺចាប់ គឺមានកូនកន្សែងមួយដែលគ្រូពេទ្យភ្លេចក្នុងពោះ អំឡុងពេលវះកាត់សម្រាលកូននៅមន្ទីរបង្អែកខេត្តកំពង់ចាម។
ស្ត្រីរងគ្រោះដែលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនេះ មានស្រុកកំណើតនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ជាគ្រូបង្រៀននៅវិទ្យាល័យពាមជីកង។
ទុក្ខវេទនានេះ ត្រូវបានបញ្ជាក់ឡើងដោយប្អូនស្រីបង្កើតរបស់ជនរងគ្រោះ សុំមិនបញ្ចេញឈ្មោះ ដែលថ្លែងទាំងក្តីវាយោគប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយបានរៀបរាប់តាមដំណើររឿងថា៖
កាលពីជាង៣ខែមុន បងស្រីបង្កើតរបស់ខ្លួនបានទៅសម្រាលកូនដំបូងនៅមន្ទីរបង្អែកខេត្តកំពង់ចាម ពេលនោះគ្រូពេទ្យថា បើសម្រាលតាមធម្មជាតិមិនបានឡើយ ទាល់តែសម្រាលដោយការវះកាត់។ ក្រោយគ្រូពេទ្យប្រាប់យ៉ាងដូច្នេះ ជនរងគ្រោះ និងក្រុមគ្រួសារក៏សម្រេចចិត្តវះតែម្ដង។ ក្រោយសម្រាលមិនបានប៉ុន្មានផង ស្ត្រីរងគ្រោះចេះតែមានការឈឺចុកចាប់ក្នុងពោះរហូត និងខ្លាំងទៅៗ ខណៈការពិនិត្យ និងការប្រើប្រាស់ឱសថតិចច្រើន ក៏បានធ្វើជាបន្តបន្ទាប់ដែរ តែអាការឈឺចាប់នោះមិនព្រមបាត់រសាយទៅវិញសោះ។
ប្អូនស្រីជនរងគ្រោះបានបន្តថា ដោយសារការឈឺចាប់ចេះតែមានសភាពធ្ងន់ធ្ងរទៅៗ ទើបក្រុមគ្រួសារ ក៏សម្រេចចិត្តបញ្ជូនស្ត្រីរងគ្រោះមកមន្ទីរពេទ្យឯកជនមួយ នៅរាជធានីភ្នំពេញ ដើម្បីឆ្លុះមើលរកមូលហេតុ និងព្យាបាល ដល់ពេលឆ្លុះក៏ឃើញមានដុំម្យ៉ាងក្នុងពោះដែរ ប៉ុន្តែពេទ្យប្រាប់ថា ជាដុំក្នុងពោះធម្មតាដូចគេដូចឯងទេ ពោលប្រើតែថ្នាំចាក់ និងលេបទៅ នឹងធូរស្បើយហើយ ប៉ុន្តែមិនដូចការគិតនោះទេ ស្ត្រីរងគ្រោះនៅតែមានការឈឺចាប់ខ្លាំងទៅៗរាល់ថ្ងៃ ក៏សម្រេចចិត្តជាមួយក្រុមគ្រួសារថា វះកាត់ម្ដងទៀត ដើម្បីរកមូលហេតុនៃការឈឺចាប់ដ៏ធ្ងន់ធ្ងរនេះ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។
ជាមួយនឹងសំឡេងអួលដើមកខ្សាវៗ ប្អូនស្រីជនរងគ្រោះបានថ្លែងថា ក្នុងពេលវះកាត់នោះ ស្រាប់តែឃើញកូនកន្សែងពណ៌សមួយ ប្រឡាក់ឈាមក្រហមឆ្អិនយ៉ាងសម្បើម នៅក្នុងពោះរបស់បងស្រីរបស់ខ្លួន ដែលនេះហើយជាមូលហេតុនាំឲ្យស្ត្រីរងគ្រោះឈឺចុកចាប់ អស់ពេលជាង៣ខែយ៉ាងដូច្នេះ ដែលម្នាក់ៗមានការហួសចិត្តយ៉ាងខ្លាំង ចំពោះការធ្វេសប្រហែសរបស់គ្រូពេទ្យនៅខេត្តកំពង់ចាម អំឡុងពេលស្ត្រីរងគ្រោះសម្រាលកូននោះ។
ដើម្បីបង្ហាញពីការធ្វេសប្រហែសក្នុងន័យជំរុញឲ្យមានការប្រុងប្រយ័ត្នទៅថ្ងៃមុខ ក្រុមគ្រួសារស្ត្រីរងគ្រោះបានជូនដំណឹងទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែរ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ខាងមន្ទីរពេទ្យ ដែលមានគ្រូពេទ្យម្នាក់អះអាងថា ខ្លួនឯងជាអនុប្រធានមន្ទីរពេទ្យ បានប្រកែកមិនចង់ទទួលស្គាល់ការធ្វេសប្រហែសនេះឡើយ ដោយប្រាប់ថា ចាំសិន លុះដល់២-៣សប្ដាហ៍ក្រោយមក ក្រុមគ្រួសារជនរងគ្រោះបានសាកសួរទៅគ្រូពេទ្យកំពង់ចាម ជាបន្តបន្ទាប់ទៀត តែខាងមន្ទីរពេទ្យនៅតែគ្មានដំណោះស្រាយ ជូនជនរងគ្រោះនៅឡើយ ដោយបញ្ជាក់ថា ចាំគេប្រជុំគ្នាសិន និយាយរួមគ្មានដំណោះស្រាយជូនជនរងគ្រោះ សូម្បីតែប៉ុនក្រចកដៃ។ នេះបើតាមការបន្ថែមរបស់ប្អូនស្រីជនរងគ្រោះ៕