(កំពង់ស្ពឺ)៖ នៅចំពោះមុននិស្សិត នៃវិទ្យាស្ថានបច្ចេកទេសគីរីរម្យ លោក ហ៊ុន ម៉ាណែត បានថ្លែងថា យុវជនជំនាន់ក្រោយ ត្រូវចូលរួមថែរក្សាសុខសន្ដិភាព និងខិតខំប្រឹងប្រែង រៀនសូត្រឲ្យអស់លទ្ធភាព ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ខ្លាំងឡើងជាលំដាប់ថែមទៀត។

បើតាមលោក ហ៊ុន ម៉ាណែត តែអ្វីដែលសំខាន់​ គឺយុវជន​ត្រូវចងចាំថា​ កត្តាដែលសំខាន់ជាងគេ​ ដែលមិនអាចខ្វះបាន​នោះ គឺកត្តាសុខសន្តិភាព​ មានសុខសន្តិភាពទើបប្រទេសជាតិ មានការអភិវឌ្ឍ​ មានសុខសន្តិភាពទើបប្អូនៗ មានឱកាសបានធ្វើការសិក្សាក្រេបយកចំណេះដឹងនៅទីនេះ​។

លើសពីនេះទៀត​ ​លោក​ក៏បានលើកទឹកចិត្តខ្ពស់ដល់ប្អូនៗនិស្សិតតាមរយៈការផ្ដល់អនុសាសន៍​ ការផ្ដាំផ្ញើ​ប្រកបដោយអត្ថន័យ​ និង​​ខ្លឹមសារដ៏ជ្រាលជ្រៅថា មិនថានៅទីខ្ពស់​ ឬទីទាប​ មិនថានៅក្នុង​ ឬក្រៅប្រទេស​នោះទេ គឺប្អូនៗមានឱកាសក្នុងការទទួលបានចំណេះដឹងដូចៗគ្នា​ ហើយការសិក្សានៅទីនេះ ជាកំពូលភ្នំ​ស្រស់ស្អាត គឺកាន់តែអំណោយផលតាមរយៈភាពស្ងប់ស្ងាត់​ និងខ្យល់ឱកាសបរិសុទ្ធ​។​

​នៅក្នុងឱកាសដ៏សប្បាយរីករាយ លោក ហ៊ុន ម៉ាណែត ក៏បានសម្ដែងនូវការកោតសរសើរ​ និងវាយតំលៃខ្ពស់ចំពោះ លោក​ឧកញ៉ា​ ហេង​ វុទ្ធី ដែលបានសហការ​ជាមួយក្រុមហ៊ុនជប៉ុន សម្រាប់ធ្វើវិនិយោគ​ទុននៅរម្យនីយដ្ឋាន​ Vkirirom ប្រកបដោយភាពទាក់ទាញ​ និងផ្ដល់ផាសុខភាពដល់ ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​ ជាពិសេសតាមរយៈនៃការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា​គីរីរម្យ​ ដែលបានផ្ដល់ឱកាសដល់និស្សិតប្រមាណ​១១៨នាក់ បានធ្វើការសិក្សាស្រាវជ្រាវលើមុខជំនាញ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា។

ជាចុងក្រោយ​ លោក ហ៊ុន​ ម៉ាណែត ក៏បានផ្ដល់ឱកាស​ឲ្យប្អូនៗនិស្សិត​ និង​សាស្ត្រាចារ្យ​ រួមទាំងក្រុមប្រឹក្សា បុគ្គលិកក្រុមហ៊ុន Vkirirom ​ បានថតរូបអនុស្សាវរីយ៍ ប្រកបដោយភាពរាក់ទាក់​ កក់ក្ដៅ​ និង​​រីករាយស្និទ្ធស្នាលបំផុត៕

`