(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានណែនាំទៅអាជ្ញាធរស្រុកឆែប ក៏ដូចជាមន្ត្រីពាក់ព័ន្ធនានា ត្រូវចុះទៅអប់រំដល់បងប្អូនប្រជាពលរដ្ឋ កុំយកសត្វគោដែលងាប់ ដោយសារពុលថ្មាំគីមី ទៅបរិភោគឲ្យសោះ ដោយខ្លាចមានបញ្ហាប៉ះពាល់ដល់សុខភាព។
ការអំពាវរបស់លោកអភិបាលខេត្តព្រះវិហារបែបនេះ បន្ទាប់ពីលោកទទួលបានព័ត៌មានថា មានសត្វគោរបស់បងប្អូនប្រជាពលរដ្ឋជាង១០ក្បាល នៅក្នុងស្រុកឆែប បានងាប់ជាបន្តបន្ទាប់ ដោយសារពុលថ្នាំគីមីនៅលើចំណី ដែលបងប្អូនប្រជាកសិករ បានបាញ់នៅលើដំណាំរបស់ខ្លួននៅឯចំការឆ្ងាយ។
ឆ្លើយតបនិងការអំពាវនាវរបស់លោកអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក សុខ សាន្តតារា អភិបាលស្រុកឆែប បានដឹកនាំក្រុមការងារ ចុះជួបជាមួយប្រជាពលរដ្ឋ នៅភូមិប្រឹសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក៏ដូចជាការណែនាំមិនឲ្យបងប្អូនប្រជាពលរដ្ឋ យកសត្វគោដែលពុលងាប់ទៅបរិភោគ ដែលលោក អ៊ុន ចាន់ដា បានហាមដាច់ខាត ព្រោះខ្លាចប៉ះពាល់ដល់សុខភាព។
ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ករណីសត្វគោងាប់ដោយសារពុលនៅស្រុកឆែបនេះ គីកើតឡើងតាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ រហូតមកដល់ថ្ងៃនេះ គឺងាប់ជាង១០ក្បាលហើយ ដែលករណីបណ្តាលឲ្យពុលនេះ គឺកើតឡើងដោយសារបងប្អូនប្រជាពលរដ្ឋមួយចំនួន ប្រើថ្នាំគីមីបាញ់លើដំណាំមានកម្រិតហួសមាត្រដ្ឋាន ដែលគេបានណែនាំ លុះសត្វស៊ីក៏បណ្តាលឲ្យពុលទៅ។
ហើយម្យ៉ាងទៀត បងប្អូនប្រជាពលរដ្ឋខ្លះ ឲ្យតែរដូវច្រូតស្រូវរួច គាត់ព្រលែងសត្វគោរបស់គាត់ ពាសវាលពាសកាល ជួនកាល៥ទៅ៦ខែ ទើបគាត់ដើរកគោគាត់ ដូច្នេះពេលដែលគោ ទៅវាស៊ីរុក្ខជាតិដែលមានជាតិពុល ក៏វាបណ្តាលឲ្យពុលបានដែរ។ ករណីនេះលោកបានអំពាវនាវឲ្យម្ចាស់គោត្រូវថែរក្សាសត្វគោរបស់ខ្លួនឲ្យបានល្អ ដោយចាក់កន្លុះឲ្យបានត្រឹមត្រូវ និយាយរួមត្រូវថែសត្វគោឲ្យដូចជា សមាជិកគ្រួសាររបស់យើង នោះទើបយើងមិនមានការបាត់បង់ និងស្តាយក្រោយ។
លោក ពឹង ទ្រីដា បានគូសបញ្ជាក់ថា នៅតាមភូមិ-ឃុំ ស្រុកនិមួយៗសុទ្ធតែ មានភ្នាក់ងារសុខភាពសត្វ ក៏ដូចជាមន្ត្រីជំនាញយើងនៅទីនោះដែរ ដែលកន្លងមកពួកគាត់តែងធ្វើសកម្មភាពជាប្រចាំ ដូចជា ការចាក់វ៉ាក់សាំង ការពារជម្ងឺអ៊ុតក្តាម បូសខ្យល់ និងសារទឹកជាដើម ហើយលោកក៏បានផ្តាំផ្ញើផងដែរថា បើដឹងថា សត្វគោក្របីរបស់យើងមានសុខភាពមិនល្អ ត្រូវទាក់ទង និងភ្នាក់ងារសុខភាពសត្វ តាមភូមិរបស់ខ្លួនជាបន្ទាន់៕