(កំពង់ធំ)៖ ដើម្បីលើកកម្ពស់ការយកចិត្តទុកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននិងកំពុងយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ សុខភាពមាតា ទារក និងកុមារទូទំាងប្រទេស ដោយផ្តល់នូវសិទ្ធិរស់រៀនមានជីវិត សិទ្ធទទួលបានការការពារ សិទ្ធទទួលបានការអភិវឌ្ឍន៍ និងសិទ្ធក្នុងការចូលរួម។
ក្នុងនោះនៅព្រឹកថ្ងៃសៅរ៍១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សុខ លូ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់បុរីកុមារកំព្រាខេត្តកំពង់ធំនូវអង្ករ២៥០គីឡូក្រាម អាហារូបត្ថម្ភ១០កេសធំ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នូវអង្កអាហារូបត្ថម្ភ១០កញ្ចប់ ឃីដទារក១កញ្ចប់ សារ៉ុង១ ទឹកដោះគោ ស្ករស ថវិកាមួយចំនួន ជូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិចំនួន៣គ្រួសារ។
មួយគ្រួសារៗទទួលបានអាហារូបត្ថម្ភ៤កញ្ចប់ អង្ករ ២៥គីឡូក្រាម ឃីដ ១កញ្ចប់ ធុងទឹកចំណុះ ៨០លីត្រ និងការដុង។
ជាមួយគ្នានោះដែរ លោកបានផ្តាំផ្ញើរដោយលើកឡើងថា ប្អូនៗក្មួយកំព្រាឪពុកម្តាយបង្កើតពិតមែន តែក្មួយៗនៅមានថ្នាក់ខេត្ត និងមន្ទីរ ជាពិសេសគឺ ម៉ែដោះមើលថែរក្សាត្រូវស្រឡាញ់ក្មួយៗ ដូចជា កូនបង្កើតរបស់ខ្លួនឯង ផ្តល់ភាពកក់ក្តៅ និងជួយបីបាច់ថែរក្សាក្មួយៗ ឲ្យបានចូលសិក្សារៀនសូត្រ ដូច្នេះក្មួយៗត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ មាតាបិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ក្លាយជាកុមារជាទំពាំងស្នងឬស្សី ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។
បន្ទាប់មកលោកអភិបាលខេត្ត និងក្រុមការងារបានបន្តដំណើរចែកអំណោយនៅមន្ទីរពេទ្យបង្អែកខេត្ត និងបានអំពាវនាវសូមឲ្យស្ត្រីយើងទាំងអស់អញ្ជើញ ទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការណែនាំ និងតាមកាលកំណត់របស់គ្រូពេទ្យ និងសូមបំបៅទារកដោយទឹកដោះម្ដាយតែមួយមុខគត់ ចាប់ពីពេលទារកទើប្រសូតភ្លាម រហូតដល់ទារកមានអាយុ៦ខែ និងសូមប្រញាប់យកទារកទៅមន្ទីរពេទ្យភា្លម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត៕