(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប បន្តបានអញ្ជើញចូលរួមពិធីបុណ្យសពអ្នកឧកញ៉ា ដួង ឈីវ ដែលបាននិងកំពុងប្រារព្ធធ្វើឡើងនៅភូមិគ្រឹះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មុននឹងដង្ហែយកទៅបញ្ចុះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ។
ថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ដែលមានវត្តមាន នៅក្នុងពិធីបុណ្យសពអ្នកឧកញ៉ា ដួង ឈីវ ដូចជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងលោក កែប ជុតិមា អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ ព្រមទាំងមានវត្តមានថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងអ្នករកស៊ីធំៗជាច្រើនរូបផ្សេងទៀត។
តាងនាមឲ្យលោកជំទាវ សាន ណាវី, លោកឧត្តមសេនីយ៍ឯក ដួង ហេង ដែលត្រូវកូនប្រុសនៃសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងឥស្សរជនទាំងអស់ ប្រកបដោយកម្លាំងពលំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ដើម្បីរួមចំណែកដឹកនាំនាវាកម្ពុជា និងកិច្ចសហការជាមួយរាជរដ្ឋាភិបាល ឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ដ៏ធំធេងថ្មីៗថែមទៀត។
លោកជំទាវឧកញ៉ា សាត ណាវី ដែលត្រូវជាភរិយារបស់សពអ្នកឧកញ៉ា ដួង ឈីវ ព្រមទាំងកូនៗ៤នាក់ រួមមាន៖ លោកឧត្តមសេនីយ៍ឯក ដួង ហេង លោកឧត្តមសេនីយ៍ឯក ដួង ហេង មេបញ្ជាការរង កងអង្គរក្ស និងភរិយា, លោក ដួង តិច និងភរិយា, លោក ដួង ស្រ៊ុន និងភរិយា និងលោក ដួង វិបុល និងភរិយា ព្រមទាំងបុត្រ និងក្រុមគ្រួសារទាំងអស់ បានរៀបចំពិធីបុណ្យសពនៅគេហដ្ឋាន ផ្ទះលេខ២០៩ ផ្លូវលេខ១៩ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
សពអ្នកឧកញ៉ា ដួង ឈីវ នឹងត្រូវក្រុមគ្រួសារដង្ហែយកទៅបញ្ចុះនៅជិតទីលានថ្មសានរបស់សមាគមត្រកូលយ៉ាង ស្ថិតនៅតាមផ្លូវលេខ៥១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ៕