(ភ្នំពេញ)៖ អគ្គិភ័យដែលឆាបឆេះសណ្ឋាគារ ខារ៉ា នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៧ កែង៨៨ ក្រុម៧៣ ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោយមានការជួយអន្ដរាគមន៍ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខណ្ឌដូនពេញ បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យឆាបឆេះ គឺផ្ដើមចេញពីការឆេះសម្ភារក្នុងផ្ទះបាយ ទើបបន្ដរីករាលដាល។
បើតាមសេចក្ដីរាយការណ៍ ក្រោយកើតហេតុភ្លាមៗ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានចុះដល់កន្លែងកើតហេតុ និងបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយផ្ទាល់ សហការជាមួយក្រុមអន្តរាគមន៍ឡានពន្លត់អគ្គភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជួយពន្លត់បានភ្លាមៗទាន់ពេលវេលា ដោយបាញ់ទឹកឲ្យរលត់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង។
សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យមនុស្សស្លាប់ ឬរងរបួសនោះទេ ដោយគ្រាន់តែខូចខាតទ្រព្យសម្បត្តិក្នុងសណ្ឋាគារ មួយចំនួន៕